(អាមេរិក)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៨រ៉ិចទ័រ បានវាយប្រហារទីទាំងមួយស្ថិតនៅចម្ងាយ ៨៤គីឡូម៉ែត្រ ពីភាគអាគ្នេយ៍តំបន់ភើរីវាល (Perryville) នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

ការវាយប្រហារនេះត្រូវបានកត់ត្រាដោយ ទីភ្នាក់ងារស្ទាបស្ទប់ភូមិសាស្ត្រអាមេរិក USGS នៅវេលាម៉ោង ១១៖១២នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅរដ្ឋអាឡាស្កា)។ អាជ្ញាធរអាមេរិកក៏បានចេញសេចក្តីព្រមាន អំពីរលកយកស៊ូណាមិផងដែរ ខណៈគ្រោះរញ្ជួយដីនេះ បានបណ្តាញឲ្យញាប់ញ័រដល់ទីក្រុង អានឆូរ៉េច (Anchorage) ដែលមានចម្ងាយខ្ទង់ ៨០០គីឡូម៉ែត្រ ពីចំណុចរំញ័រ៕