(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ(ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថា ស្ថានការណ៍ COVID-19 នៅក្នុង សហរដ្ឋអាមេរិក ទំនងជានឹងកាន់តែមានសភាពអាក្រក់ឡើងៗ មុននឹងត្រឡប់មករកភាពល្អប្រសើរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយស្តីអំពី COVID-19 ជាលើកដំបូងរបស់ខ្លួន សម្រាប់រយៈពេលជិត៣ខែកន្លង មកនេះ នៅឯសេតវិមាន។ ថ្លែងនាឱកាសនោះ លោកប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាអកុសល ស្ថានការណ៍ COVID-19 អាចនឹង កាន់តែអាក្រក់ទៅៗ មុននឹងវាត្រឡប់មករកភាពល្អប្រសើរឡើងវិញ។ នេះជាអ្វីដែលខ្ញុំមិនចង់និយាយទេ តែវាគឺជាការពិត»

លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា តំបន់ខ្លះនៅក្នុងសហរដ្ឋអាមេរិក គឺល្អណាស់ ប៉ុន្តែតំបន់ខ្លះទៀតដូចជាមិនសូវជាល្អប៉ុន្មាននោះទេ។ ជាពិសេសគឺរដ្ឋផ្ល័ររីដា ដែលកំពុងមានសភាពធ្ងន់ធ្ងរបំផុត នៃការឆ្លងរាតត្បាត COVID-19។

គួរជម្រាបថា យោងតាមទិន្នន័យចុងក្រោយរបស់សកលវិទ្យាល័យ ចនស៍ ហុបឃីន (Johns Hopkins) បច្ចុប្បន្ន សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ច្រើនជាង៣.៨លាននាក់ ក្នុងនោះស្លាប់ជាង ១៤១,០០០នាក់ និងជាសះស្បើយឡើងវិញ ១.៨លាននាក់៕