(ហ្សឺណែវ)៖ សហគមន៍ជនជាតិដើមភាគតិច ដែលមានប្រជាជនកន្លះលាននាក់ នៅជុំវិញពិភពលោក កំពុងប្រឈមមុខនឹងហានិភ័យខ្ពស់បំផុតនៃការឆ្លង COVID-19 ដោយសារតែលក្ខខណ្ឌរស់នៅរបស់ពួកគេមិនមានភាពល្អប្រសើរ។ នេះជាការព្រមានរបស់អង្គការសុខភាពពិភពលោក (WHO) ដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។

នាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដាកន្លងទៅ ករណីឆ្លង COVID-19 ច្រើនជាង ៧០,០០០ករណី ក្នុងនោះជាង ២,០០០នាក់បានស្លាប់ ត្រូវបានរាយការណ៍នៅក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិច នៅក្នុងតំបន់អាមេរិក។

ការអះអាងបែបនេះរបស់លោក Tedros ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយចេញពីទីស្នាក់ការ WHO ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Tedros បានគូសបញ្ជាក់ដូច្នេះថា៖ «សហគមន៍ជនជាតិដើមភាគតិច ដែលកំពុងរស់នៅក្នុងក្រោម ភាពក្រីក្រ, គ្មានការងារធ្វើ, ខ្វះអាហាររូបត្ថម្ភ និងខ្វះការទំនាក់ទំនងពីពិភពខាងក្រៅ អាចនឹងងាយរងគ្រោះជាងគេបំផុត ពីការឆ្លងរាតត្បាត COVID-19 ហើយ WHO ពិតជាមានការព្រួយបារម្ភជាខ្លាំងពីផលប៉ះពាល់លើជនជាតិដើមភាគតិច ជាពិសេសនៅតំបន់អាមេរិក ដែលកំពុងបន្តជាចំណុចកណ្ដាលនៃការ ឆ្លងរាតត្បាត COVID-19»

គួរជម្រាបថា លោក Tedros ក៏បានជំរុញផងដែរ ឱ្យបណ្ដាប្រទេសទាំងអស់ ចាត់វិធានការបង្ការចាំបាច់នានា ដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ COVID-19 ពោលគឺមិនត្រូវរង់ចាំរហូតទាល់តែមានវ៉ាកសាំងនោះទេ តែគឺចាប់ផ្ដើមពីឥលូវតែម្ដង៕