(បាងកក)៖ រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Chatumongol Sonakul បានឱ្យដឹងនៅថ្ងៃចន្ទនេះថា លោកបានលាលែងចេញពីតំណែងហើយ ដោយធ្វើឱ្យរូបលោក ក្លាយជារដ្ឋមន្ត្រីទី៦ ដែលសម្រេចចិត្តដើរចេញពីគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចាប់តាំងពីសប្ដាហ៍មុនមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

ការលាលែងចេញពីតំណែងរបស់លោក Chatumongol នឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ស្របពេលរដ្ឋាភិបាល លោក ប្រាយុទ្ធ កំពុងប្រឈមមុខនឹងបាតុកម្មតវ៉ាពីសំណាក់ក្រុមយុវជន និងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយ COVID-19។ លោក Chatumongol បានប្រាប់ Reuters ថាលោកពិតជា បានលាលែងចេញពីតំណែងមែន ប៉ុន្តែលោកមិនបានបញ្ជាក់ពីមូលហេតុផលឡើយ។

លោក Chatumongol គឺជារដ្ឋមន្ត្រីទី៦ហើយ ដែលសម្រេចចិត្តចែកផ្លូវជាមួយ គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Uttama Savanayana, ឧបនាយករដ្ឋមន្ត្រី លោក Somkid Jatusripitak និងរដ្ឋមន្ត្រី ៣នាក់ផ្សេងទៀត ក៏បានប្រកាសលាលែង ចេញពីតំណែងផងដែរ៕