(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ គ្រាប់រ៉ុក្កែត H2A របស់ក្រុមហ៊ុនឧស្សាហកម្មជប៉ុន មីតស៊ូប៊ីស៊ី (Mitsubishi) នៅទីបំផុតបានដឹកនាំយាន-ផ្កាយរណប របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ទៅកាន់ទីអវកាសប្រកបដោយជោគជ័យហើយ ក្រោយពីវាត្រូវបានបាញ់បង្ហោះកាលពីវេលាម៉ោង ៦៖៥៨នាទីព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ នេះតែម្តង។

២៖ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន ១៤នាក់ហើយ នៅក្នុងបទល្មើសលួចលក់ថ្នាំប្រភេទ រ៉េមដឺស៊ីវា (Remdesivir) របស់ក្រុមហ៊ុនជីលីដ (Gilead) នៅក្នុងប្រទេសឥណ្ឌាផ្ទាល់ ក្នុងតម្លៃរហូតដល់ទៅ ៥ដង លើសពីតម្លៃទីផ្សារ ខណៈដែលតម្រូវការថ្នាំប្រភេទនេះ កំពុងកើនឡើងយ៉ាងគំហុក។

៣៖ អ៉ីរ៉ង់ នៅថ្ងៃចន្ទនេះ បានប្រហារជីវិតពលរដ្ឋអ៉ីរ៉ង់ម្នាក់ ដែលត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទស៊ើបការណ៍ និងផ្ដល់ព័ត៌មានសំងាត់ ដែលជួយឱ្យ ទីភ្នាក់ងារចារកម្មអាមេរិក CIA និងអ៉ីស្រាអែល អាចកំណត់ទីតាំង និងសម្លាប់លោក Qassem Soleimani។

៤៖ ក្រសួងការពារជាតិរុស្ស៊ី នៅព្រឹកថ្ងៃចន្ទនេះបានថ្លែងឲ្យដឹងថា កងនាវាប្រចាំការនៅសមុទ្រខ្មៅរបស់ខ្លួន បានធ្វើការតាមដានលើនាវាពិឃាតបំពាក់មីស៊ីល របស់អាមេរិកមួយគ្រឿង ដែលបានចូលមកក្នុងដែនទឹកសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យម្សិលមិញ។

៥៖ ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់់ឌូលឡាស៊ីស (Salman bin Abdulaziz) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានយាងចូលមន្ទីរពេទ្យ ដើម្បីទទួលការពិនិត្យ ព្រះរាជសុខភាព ខណៈទ្រង់មានជន្មាយុ ៨៤ព្រះវស្សាទៅហើយ។

៦៖ មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយថា ការឆ្លងរាលដាល COVID-19 គឺគ្រប់គ្រងលែងបានហើយ ខណៈលោកស្រីបានប្រកាសពីការរកឃើញ អ្នកឆ្លងប្រចាំថ្ងៃរហូតដល់ទៅជាង ១០០ករណី៕