(តៃប៉ិ)៖ គណបក្សគួមីនតាង (Kuomintang) ដែលជាគណបក្សប្រឆាំងដ៏សំខាន់របស់កោះតៃវ៉ាន់ បានចូលទៅកាន់កាប់សភាជាថ្មីម្តងទៀតហើយនៅថ្ងៃអង្គារនេះ ដើម្បីប្រឆាំងតវ៉ា និងរារាំងមិនឲ្យមានការតែងតាំងជំនួយការ ដ៏ជិតស្និទ្ធរបស់ប្រធានាធិបតី ធ្វើការជាអ្នកឃ្លាំមើលរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។

តាមប្រភពព័ត៌មានខាងលើនេះបានបញ្ជាក់ថា មុនពេលដែលសមាជិកសភា មកពីគណបក្សប្រឆាំងទាំងនោះ បានចូលទៅកាន់កាប់វេទិកាកណ្តាលរបស់សភា ពួកគេបានបះទង្គិចគ្នាមួយប្រាវ ជាមួយសមាជិកសភាមកពីគណបក្សកាន់អំណាច នៅខាងក្រៅអគារសភា នាព្រឹកថ្ងៃអង្គារនេះ។

កម្មវត្ថុចម្បងនៃការចូលទៅកាន់កាប់សភានេះ ត្រូវបានពួកគេអះអាងថា ដើម្បីប្រឆាំងតវ៉ា និងរារាំងមិនឲ្យមានការតែងតាំងលោកស្រី ឈិន ជូ (Chen Chu) ដែលជាជំនួយការផ្ទាល់របស់លោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing-wen) ធ្វើការជាអ្នកដឹកនាំក្រុមត្រួតពិនិត្យឈ្មោះ «យាន» (the Control Yuan) ដែលជាស្ថាប័នឃ្លាំមើលកិច្ចការងាររដ្ឋាភិបាល។

ក្រុមអ្នកធ្វើបាតុកម្មទាំងនោះ បានហៅការតែងតាំងលោកស្រី ឈិន ជូ ដែលជាមនុស្សស្និទ្ធជាមួយប្រធានាធិបតី មកកាន់តំណែងកំពូល ក្នុងស្ថាប័នឃ្លាំមើលរដ្ឋាភិបាលដូច្នេះគឺជា «ទង្វើផ្តាច់ការ» និងជា «វិបត្តិនយោបាយ» មួយដ៏ធំ ដែលប្រព្រឹត្តឡើងដោយ គណបក្សកាន់អំណាច DPP របស់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen)។

គួរជម្រាបថា កាលពីចុងខែមិថុនាកន្លងទៅនេះ សមាជិកសភាមកពីគណបក្សប្រឆាំង ដែលស្និទ្ធជាមួយចិនដីគោកមួយនេះ ក៏បានចូលទៅកាន់កាប់សភាម្តងរួចហើយដែរ។ ជារួមការបាតុកម្មតវ៉ា និងចូលទៅកាន់កាប់សភាដូច្នេះ គឺមិនមែនជារឿងចម្លែកនោះទេ ដ្បិតថាដែនដីប្រជាធិបតេយ្យដ៏ផុយស្រួយមួយនេះ បានឆ្លងកាត់រឿងបែបនេះ ជាច្រើនលើកច្រើនសារមកហើយ។

ជាក់ស្តែងកាលពីឆ្នាំ២០១៤ កន្លងទៅនេះ និស្សិតរាប់រយនាក់បានកាន់កាប់សភា អស់រយៈពេលជាច្រើនសប្តាហ៍ ក្នុងការតវ៉ាមួយដែលមានឈ្មោះថា «ចលនាផ្កាឈូករ័ត្ន» ដើម្បីទាមទារឲ្យមានតម្លាភាព និងបង្ហាញពីការព្រួយបារម្ភចំពោះឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ចិន មកលើដែនកោះដែលមានប្រជាជនរស់នៅជិត ២៤លាននាក់មួយនេះ៕