(ម៉ូស្គូ)៖ ខណៈពិភពលោកកំពុងប្រណាំងប្រជែងដើម្បីអភិវឌ្ឍវ៉ាក់សាំង COVID-19 រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេ ដែលបានបញ្ចប់ការសាកល្បងវ៉ាក់សាំង លើមនុស្សដោយភាពជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន India.com នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

យោងតាមទីភ្នាក់ងារព័ត៌មាន India.com ការសាកល្បងព្យាបាលវ៉ាក់សាំងលើមនុស្សដំបូងគេ នៅលើពិភពលោកត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Sechenov និងបានបញ្ចប់ដោយភាពជោគជ័យ។

លោក Vadim Tarasov ជានាយកវិទ្យាស្ថានវេជ្ជសាស្ត្រ និងជីវសាស្ត្រ បានធ្វើការបញ្ជាក់ពីការវិវឌ្ឍនៃការសាកល្បងនេះ ដោយបន្ថែមទៀតថាក្រុមអ្នកស្ម័គ្រចិត្ត ដំបូងនឹងត្រូវអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យ នៅថ្ងៃពុធសប្តាហ៍នេះ ខណៈដែលក្រុមទី២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ។

តំណាក់កាលដំបូងនៃចាក់វ៉ាក់សាំងសាកល្បងនេះ បានចាប់ផ្តើមកាលថ្ងៃទី១៨ ខែមិថុនា ជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួន១៨នាក់ ហើយតំណាក់កាលទី២ បានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែមិថុនា ជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួន ២០នាក់។ អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត មុនពេលដែលពួកគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

លោក Alexander Lukashev ជានាយកវិទ្យាស្ថានវេជ្ជសាស្ត្រ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៅសាកលវិទ្យាល័យ Sechenov បាននិយាយថា គោលបំណង នៃតំណាក់កាលនៃការសាកល្បងនេះ គឺដើម្បីបង្ហាញពីសុវត្ថិភាពរបស់វ៉ាក់សាំងទៅលើសុខភាពមនុស្ស។ លោកបានប្រាប់សារព័ត៌មានរុស្ស៊ី Sputnik ថា ជារួមលទ្ធផលពីការពីចាត់សាកល្បងត្រូវ បានធានាសុវត្ថិភាព និងស្របទៅតាមស្តង់ដារវ៉ាក់សាំង ដែលមានលក់នៅលើទីផ្សារ។ លោកបានបន្តទៀតថា ផែនការអភិវឌ្ឍវ៉ាក់សាំងបន្ត ត្រូវបានកំណត់រួចហើយ ដោយក្រុមអ្នកជំនាញ និងបានបង្ហាញពីលទ្ធភាពនៃការបង្កើនផលិតកម្មផងដែរ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យ Sechenov បានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាស្ថាប័នអប់រំ និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបាន ចូលរួមក្នុងការអភិវឌ្ឍវ៉ាក់សាំង និងផលិតផលវេជ្ជសាស្រ្តផៀតទៀត ខណៈដែលការព្យាបាលសាកល្បងបន្តកំពុងដំណើរការ។ ទោះយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានបន្ថែមច្បាស់ការថាតើវ៉ាក់សាំងនេះ នឹងដាក់លក់នៅលើទីផ្សារនៅពេលណានោះទេ៕