(ហ្សេរុយសាឡឹម)៖ ទីបំផុតរដ្ឋាភិបាលអ៉ីស្រាអែល និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយហើយ ដោយក្នុងនោះភាគីអ៉ីស្រាអែល បានយល់ព្រមទទួលពលករបម្រើការងារ លើវិស័យកសិកម្មប្រមាណ ២៥,០០០នាក់ពីប្រទេសថៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

ពិធីចុះហត្ថលេខាខាងលើនេះ ត្រូវបានធ្វើឡើងរវាងរដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក ហ្គាប៊ី អាសកេណាហ្ស៊ី (Gabi Ashkenazi) និងឯកអគ្គរាជទូតថៃលោកស្រី ផាន់ណាផា ចន្ត្រារ៉ាយម៉ា (Pannabha Chandrarayma)។ លោករដ្ឋមន្ត្រីអ៉ីស្រាអែល បានលើកឡើងនាឱកាសនោះថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ ហើយវាក៏ចាំបាច់សម្រាប់កសិករ អ៉ីស្រាអែលរាប់ពាន់នាក់ផងដែរ។ បន្ថែមពីនេះភាគីអ៉ីស្រាអែល ក៏បានសន្យា ការពារសិទ្ធិនៃពលករថៃ ដែលមកធ្វើការនៅក្នុងទឹកដីអ៉ីស្រាអែលផងដែរ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងថៃខាងលើនេះ បានកើតមានឡើងក្រោយភាគីទាំងពីរ បានព្យាយាមចរចាគ្នាអស់ជាច្រើនខែ បើទោះបីជាពិភពលោក កំពុងរងគ្រោះដោយជំងឺ COVID-19 ក៏ដោយ។ បច្ចុប្បន្នវិស័យកសិកម្មអ៉ីស្រាអែល មានការពឹងផ្អែកខ្លាំងបំផុត លើពលករមកពីប្រទេសថៃបន្ទាប់ពីប្រទេសទាំងពីរ បានចុះហត្ថលេខាមួយកាលពីឆ្នាំ២០១២៕