(វ៉ារស្សាវ៉ា)៖ លទ្ធផលបោះឆ្នោតប្រធានាធិបតីនៅប្រទេសប៉ូឡូញ បានបង្ហាញឲ្យដឹងថា ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក អានដាហ្សេច ឌូដា (Andrzej Duda) បានឈ្នះឆ្នោតជាថ្មីម្តងទៀត បន្ទាប់ពីយុទ្ធនាការបោះឆ្នោតដ៏ជូរចត់ បានបង្ហាញឲ្យឃើញពីបញ្ហាសង្គម និងវប្បធម៌យ៉ាងជ្រៅ នៅក្នុងប្រទេសអឺរ៉ុបកណ្តាលមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Financial Time នាល្ងាចថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតបានចំនួន ៩៩.៩៧% បានបង្ហាញឲ្យដឹងថា ប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Duda ទទួលបានសំឡេងគាំទ្រ ៥១.២១% ខណៈពេលដែលគូប្រជែងរបស់លោក គឺលោក រ៉ាវ៉ាល ត្រាហ្សាសកូវស្គី (Raval Trzaskowski) ទទួលបានត្រឹមតែ ៤៨.៧៩% ប៉ុណ្ណោះ។ ចំណែកឯលទ្ធផលចុងក្រោយត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅទីក្រុងវ៉ារស្សាវ៉ា)។

ទោះជាយ៉ាងណា លោក ស៊ីឡូអេស្ទឺរ ម៉ាស៊ីនីអ៊ែល (Siloester Marciniak) ដែលជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោះ ហៅកាត់ PKW បានគូសបញ្ជាក់ថា ទោះបីជាតំបន់ចំនួន ០៥ បូករួមទាំងទីក្រុងវ៉ារស្សាវ៉ា (Warsaw) មិនទាន់ត្រូវបានរាយការណ៍ពីលទ្ធផលបោះឆ្នោតនេះក៏ដោយ ក៏លទ្ធផលទាំងនោះ ក៏នឹងមិនមានឥទ្ធិពលអ្វីធំដុំ ទៅលើលទ្ធផលជារួមនោះដែរ៕