(អាហ្សង់ទីន)៖ ក្រសួងសុខាភិបាលអាហ្សង់ទីន បានប្រកាសពីការរកឃើញ COVID-19 ថ្មីៗ ២,៦៥៧ករណីទៀត នារយៈពេញមួយថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ធ្វើឱ្យចំនួនករណីឆ្លងសរុបកើនដល់ ១០០,១៦៦ករណី និងហក់ចូលក្នុងចង្កោមប្រទេស ដែលមានករណីឆ្លងជំងឺរាតត្បាតសកលនេះ ដល់ខ្ទង់សែននាក់។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលអាហ្សង់ទីន ពេញមួយថ្ងៃអាទិត្យម្សិលមិញដូចគ្នា អ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនឡើងដល់ ១,៨៤៥នាក់ផងដែរ ខណៈអ្នកជំងឺជាង ៧០០នាក់កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។ ប្រទេសអាហ្សង់ទីនបានដាក់បំរាម​ហាមឃាត់លើជើងហោះហើរពាណិជ្ជកម្ម​រហូតដល់ថ្ងៃទី០១ ខែកញ្ញា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ដែលកំពុងលុកលុយយ៉ាងខ្លាំង​លើប្រទេសក្នុងតំបន់អាមេរិកឡាទីនមួយនេះ។

ប៉ុន្តែទោះបីជាករណីឆ្លងនៅតែបន្តកើនឡើង ការបិទរដ្ឋធានី ប៊ុយណូសអ៊ែរែស (Buenos Aires) នឹងត្រូវបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈអាជ្ញាធរអាហ្សង់ទីនកំពុងពិចារណាថា តើគួរតែបន្តរឹតត្បិតតទៅទៀត ឬក៏យ៉ាងណា។ បើតាមគេហទំព័រ Worldometers បច្ចុប្បន្នប្រទេសដែលមានករណីឆ្លង COVID-19 ចាប់ពីរាប់សែនដល់លានករណីមានចំនួន ២២ប្រទេស ក្នុងនោះអាហ្សង់ទីននៅលេងរៀងក្រោយគេ៕