(មិចស៊ីកូ)៖ វិទ្យាស្ថានសន្តិសុខសង្គមប្រទេសមិចស៊ីកូ ហៅកាត់ថា IMSS បានចេញសេចក្តីរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រជាជនមិចស៊ីកូ ៩២១,៥៨៣នាក់បានបាត់បង់ការងារធ្វើ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែផលប៉ះពាល់ពីជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់ IMSS បានឱ្យដឹងថា ក្នុងរយៈពេល ០៦ខែ ប្រទេសមិចស៊ីកូ បានចុះបញ្ជីការងារសរុបចំនួន ១៩.៥លានការងារ ក្នុងនោះ ៨៦.៦% ជាប្រភេទការងារអចិន្រ្តៃយ៍ និង ១៣.៤% ជាប្រភេទការងារបណ្តោះអាសន្ន។

ប្រធានាធិបតីមិចស៊ីកូ លោក អាន់ឌ្រែ ម៉ានូអ៊ែល ឡូប៉េស អូប្រាដឺ (Andres Manuel Lopez Obrador) បានប៉ាន់ប្រមាណថា ប្រទេសរបស់លោកនឹងបាត់បង់ការងារចំនួន ១លានកន្លែងនៅឆ្នាំ២០២០ ដោយសារតែជំងឺរាតត្បាត ខណៈដែលរដ្ឋបាលរបស់លោកកំពុងចាត់វិធានការ ដើម្បីបង្កើតការងារថ្មី ឱ្យបានយ៉ាងតិចណាស់ ២លាននាក់។

គួរបញ្ជាក់ថា ជំងឺ COVID-19 ផ្ទុះឡើងដំបូងនៅប្រទេសមិចស៊ីកូ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ។ រហូតមកទល់ពេលនេះ ប្រទេសម៉ិកស៊ិកមានករណីឆ្លងសរុបចំនួន ២៩០,០០០ករណី ក្នុងនោះស្លាប់ជាង ៣.៤ម៉ឺននាក់ និងជាសះស្បើងវិញជាង ១៨ម៉ឺននាក់៕