(បាងកក)៖ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសថៃ កំពុងគ្រោងចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្សនៅខែវិច្ឆិកា ឆ្នាំនេះ ក្រោមក្តីសង្ឃឹមថា នឹងសម្រេចឲ្យបាននូវវ៉ាក់សាំងមួយ ដែលអាចយកទៅប្រើប្រាស់បាននៅចុងឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០។

លោក គាត រ៉ាស់រុងថាំ (Kiat Ruxrungtham) នាយកកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 នៃសាកលវិទ្យាល័យឈូឡាឡុងកន នៃទីក្រុង បាងកក បាននិយាយថា ក្រោយទទួលបានលទ្ធលផលយ៉ាងវិជ្ជមាន ក្នុងការធ្វើតេស្តទៅលើសត្វស្វា ជំហានបន្ទាប់ទៀតគឺជាការធ្វើតេស្ត ទៅលើមនុស្ស។ បើតាមលោក Kiat ប្រសិនបើអ្វីៗប្រព្រឹត្តទៅយ៉ាងរលូនតាមការគ្រោងទុក ហើយទទួលជោគជ័យ នោះប្រទេសថៃនឹង អាចមានវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំង COVID-19 នៅកំឡុងត្រីមាសទី៣ឬទី៤ នៃឆ្នាំ២០២១។

គួរជម្រាបថា គិតត្រឹមថ្ងៃអាទិត្យនេះ ថៃបានរកឃើញអ្នកឆ្លង COVID-19 សរុបជាង៣,២០០នាក់ ក្នុងនោះស្លាប់៥៨នាក់ ខណៈមិនមាន ករណីឆ្លងក្នុងស្រុកផ្ទាល់ជាងមួយខែមកហើយ។ បច្ចុប្បន្ន វ៉ាក់សាំង COVID-19 យ៉ាងតិច២០ កំពុងស្ថិតក្រោមការធ្វើតេស្តលើមនុស្ស ដោយក្នុងចំណោមនោះ គឺវ៉ាក់សាំងដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនចិន Sinovac Biotech ជាអ្នកនាំមុខគេ៕