(ស៊ីដនី)៖ រដ្ឋដែលមានប្រជាជនច្រើនបំផុតលំដាប់ទី ២ របស់អូស្ត្រាលីគឺវិចតូរៀ (Victoria) នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដានេះ បានប្រកាសពីការរកឃើញ​ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ក្នុងអត្រាមួយដ៏ខ្ពស់បំផុតមិនធ្លាប់ជួបប្រទះ ខណៈអាជ្ញាធរបានព្រមានថា ស្ថានការណ៍ដ៏អាក្រក់នេះ​នឹងនៅតែបន្តអូសបន្លាយយូរទៅមុខទៀត។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA។

អាជ្ញាធររដ្ឋវិចតូរៀនៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា មានករណីឆ្លង COVID-19 ថ្មីៗប្រចាំថ្ងៃចំនួន ២១៦ករណីបន្ថែមទៀត ប៉ុន្តែវានៅតែទាបជាង​តួលេខថ្ងៃមុនបន្តិច។ ទោះបែបនេះក្តី វានៅតែជាតួលេខដ៏ខ្ពស់បំផុតមួយដដែល បើរាប់ចាប់តាំងពីមានករណីផ្ទុះជំងឺសកលនេះ​ នៅលើទឹកដីអូស្ត្រាលី។

ប្រធានរដ្ឋបាលនៃរដ្ឋវិចតូរៀ លោក ដានីញែល អាន់ឌ្រូ (Daniel Andrews) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ មុនពេលវាអាចត្រឡប់មកប្រសើរវិញ។ យើងនឹងមានករណីឆ្លងថ្មីៗកាន់តែច្រើនបន្ថែមទៀត។ រឿងនេះនឹងនៅជាមួយយើងរាប់ខែទៀត»

គួរបញ្ជាក់ថា នៅចំពោះស្ថានការណ៍នេះ អាជ្ញាធរទីក្រុងមែលប៊ន នៃរដ្ឋវិចតូរៀ បានសម្រេចអនុវត្តឡើងវិញ នូវវិធានការបិទខ្ទប់ប្រទេស ឬហៅថា lockdown នៅក្នុងសប្តាហ៍នេះតែម្តង សម្រាប់រយៈពេល ០៦សប្តាហ៍ ខណៈពេលដែលក្តីបារម្ភជុំវិញ មានការផ្ទុះករណីឆ្លងរលកទី ២​ នៅក្នុងកម្រិតសហគមន៍៕