(ហ្សឺណែវ)៖ ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកជនភៀសខ្លួន លោក ហ្វីលីពផូ ហ្គ្រែនឌី (Filippo Grandi) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភ ចំពោះការផ្លាស់ប្តូរច្បាប់ស្តីអំពីការស្នើសុំសិទ្ធិជ្រកកោន​​នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

លោក Grandi បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងព្រួយបារម្ភចំពោះនីតិវិធី ស្តីអំពីការស្នើសុំសិទ្ធិជ្រកកោន​ដែលកំពុងត្រូវបានត្រួតពិនិត្យឡើងវិញនេះ នឹងអាចបង្ហាញចេញមកថា សហរដ្ឋអាមេរិកកំពុងតែដើរចេញ​ពីគោលនយោបាយមនុស្សធម៌ ដែលខ្លួនបានអនុវត្តជាយូរយាណាស់មកហើយ និងស្របតាមច្បាប់អន្តរជាតិ។

លោក Grandi ក៏បានធ្វើការបញ្ជាក់ទៀតដែរថា ការផ្លាស់ប្តូរច្បាប់ទៅលើជនសុំសិទ្ធិជ្រកកោន មិនទាន់ត្រូវបានសម្រេចជាផ្លូវការនៅឡើយទេ ខណៈដែលការរឹតបន្តឹងផ្សេងៗទៀត ត្រូវបានអនុម័តកាលពីប៉ុន្មានឆ្នាំមុន ដូច្នេះមានន័យថា ជនភៀសជាច្រើនដែលគេចចេញពីការជិះជាន់​នឹងមិនអាចស្នើសុំ ឬទទួលបានការការពារ នៅសហរដ្ឋអាមេរិកនោះទេ។

ទោះជាយ៉ាងណាក៏ដោយលោក Grandi នៅតែទទូចឱ្យអន្តរការីរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងនៅក្នុងរដ្ឋាភិបាលទាំងអស់ នៅជុំវិញពិភពលោកត្រូវគិតគូរឱ្យច្បាស់ មុនពេលដែលពួកគេសម្រេចចិត្តថា តើគោលនយោបាយមួយណាដែលសមហេតុផល។ កាតព្វកិច្ចក្នុងការផ្តល់ទីជម្រកសុវត្ថិភាព ដល់ជនភៀសខ្លួនពីប្រទេស ឬតំបន់មានជម្លោះប្រដាប់អាវុធ អំពើហិង្សា និងការជិះជាន់ គឺជាស្នូលនៃច្បាប់អន្តរជាតិក្នុងសម័យទំនើបនេះ៕