(ញូយ៉ក)៖ អ្នកជំនាញជាន់ខ្ពស់ និងជាមន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិក លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) បាននិយាយថា បច្ចុប្បន្នការឆ្លងរាតត្បាតនៃ COVID-19 នៅក្នុងសហរដ្ឋអាមេរិក គឺមានសភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការដោះស្រាយជាបន្ទាន់ ព្រោះពេលនេះចំនួនករណីឆ្លងបានកើនលើស ៣លានករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។

លោក Anthony Fauci ជានាយកវិទ្យាស្ថានអាលែកហ្ស៊ី និងជំងឺឆ្លងអាមេរិក បាធ្វើការកត់សម្គាល់ដូចខាងលើនៅក្នុងបទសម្ភាសន៍ តាមប្រព័ន្ធអនឡាញនៅថ្ងៃចន្ទសប្ដាហ៍នេះ និងផ្ទុយទាំងស្រុងទៅនឹងការលើកឡើង របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលថា ករណីឆ្លង COVID-19 ប្រមាណ ៩៩ភាគរយ លែងមានការគំរាមកំហែង។ លោក Fauci បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក នៅតែកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកដដែល ដោយមិនទាន់អាចធ្វើឱ្យករណីឆ្លងធ្លាក់ចុះ តាមការរំពឹងទុកនោះទេ... វាគឺជាស្ថានភាពធ្ងន់ធ្ងរបំផុត ដែលយើងត្រូវតែដោះស្រាយជាបន្ទាន់»

គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកមានករណីអ្នកឆ្លង COVID-19 សរុប ៣.០៤លាននាក់ ក្នុងនោះស្លាប់ ១៣២,៩៧៩នាក់ និងជាសះស្បើយ ១.៣លាននាក់៕