(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោចចំនួន ០៨នាក់ត្រូវបានគេជឿជាក់ថា បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍យន្តហោះខ្នាតតូចពីរគ្រឿងបុកគ្នា នៅលើផ្ទៃបឹងមួយកន្លែង ស្ថិតក្នុងរដ្ឋអ៉ីដាហូ (Idaho) នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

បើតាមការប្រកាសព័ត៌មាន ដោយការិយាល័យតម្រួតក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើង​កាលពីវេលាម៉ោង ២៖២០នាទីរសៀលថ្ងៃអាទិត្យ ទី០៥ ខែកក្កដា (ពេលវេលានៅអាមេរិក)។ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សរុបមានអ្នកដំណើរ និងអ្នកបើកបរចំនួន ០៨នាក់នៅលើយន្តហោះទាំងពីរបានស្លាប់ ក្នុងនោះ ០២នាក់ត្រូវបានរកឃើញសាកសព និង ០៦នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។

ប្រភពដដែលខាងលើនេះបានបន្ថែមទៀតថា តួយន្តហោះទាំងពីរគ្រឿងដែលបានបុកគ្នា ត្រូវបានក្រុមជំនាញមុជទឹកសូណា (sonar)កំណត់ទីតាំងរួចហើយថា កំពុងស្ថិតនៅក្នុងបាតបឹងដែលមានជម្រៅ ៣៨.៧ម៉ែត្រ ខណៈប្រតិបត្តិការស្វែងរកសាកសព កំពុងបន្តធ្វើឡើង។ ដោយឡែកមូលហេតុ​ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវអាកាសខាងលើនេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕