(គីហ្គាលី)៖ ការិយាល័យស៊ើបអង្កេតនៃប្រទេសរ៉ាដ្វាន់ដា ឬហៅកាត់ថា (RIB) បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រី លោក Pierre Damien Habumuremyi ត្រូវបានចាប់ខ្លួនពីបទចេញមូលប្បទានប័ត្រក្លែងក្លាយ (សែកស្អុយ) និងរំលោភលើសេចក្តីទុកចិត្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

បើតាមការិយាល័យ RIB លោក Habumuremyi កំពុងស្ថិតនៅក្រោមការឃុំឃាំងរបស់ប៉ូលិស ជុំវិញការចោទប្រកាន់រឿងចេញមូលប្បទានប័ត្រក្លែងក្លាយ ១០៥,០០០ ដុល្លារ និងរំលោភលើសេចក្តីទុកចិត្ត។

គួរបញ្ជាក់ថា លោក Habumuremyi ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីរ៉ាដ្វាន់ដា ចាប់ពីខែតុលាឆ្នាំ ២០១១ ដល់ខែកក្កដាឆ្នាំ ២០១៤ ហើយលោកត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលលោកបានមកកាន់ការិយាល័យ RIB ក្នុងរដ្ឋធានីគីហ្គាលី (Kigali) ដោយសារតែការចោទប្រកាន់ពាក់ព័ន្ធនឹងការចេញ មូលប្បទានប័ត្រក្លែងក្លាយ។

លើសពីនេះទៅទៀត រវាងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្នុងនាមជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រីស្ទៀនរ៉ាដ្វាន់ដា (Christian University of Rwanda) លោក Habumuremyi ក៏ជាអ្នកនៅពីក្រោយការកឹបកេងប្រាក់ខែរបស់បុគ្គលិកសាកលវិទ្យាល័យនេះ ក្នុងទឹកប្រាក់សរុបប្រហែលជា ១.០៥ លានដុល្លារផងដែរ។ លោក Habumuremyi នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅសប្តាហ៍នេះ៕