(ញូវយ៉ក)៖ តំណាងអចិន្រ្តៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានច្រានចោលសេចក្តីថ្លែងការណ៍របស់តំណាងអចិន្រ្តៃយ៍របស់ សហរដ្ឋអាមេរិក លោកស្រី Kelly Craft ទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងា ព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។

អ្នកនាំពាក្យបេសកកម្មចិន ប្រចាំអង្គការសហរប្រជាជាតិ បាននិយាយកាលពីថ្ងៃទី៣០ ខែមិថុនា ថា៖ «សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍យ៉ាងលំអៀងដែល គ្មានមូលដ្ឋានច្បាស់លាស់ពីស្ថានភាពសិទ្ធិមនុស្ស និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ទាក់ទងនឹងបញ្ហានេះដែរ ចិន បានសម្ដែងការមិនពេញចិត្តជាខ្លាំង ហើយថាមានតែប្រជាជនចិនតែប៉ុណ្ណោះ ដែលអាចពិណ៌នាពីស្ថានការណ៍សិទ្ធិមនុស្សរបស់ប្រទេសចិនបាន។ រដ្ឋាភិបាលចិនតែងតែយកចិត្តទុកដាក់ លើសុខទុក្ខប្រជាជនលើកស្ទួយ និងការពារតាមមាគ៌ាអភិវឌ្ឍដែលមានចរិតលក្ខណៈចិន»

នៅប៉ុន្មានទសវត្សចុងក្រោយនេះ ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ននេះ ចិនមានប្រជាជនច្រើនជាងគេប្រមាណជា ១,៤ពាន់លាននាក់ដែលកំពុងរស់នៅក្នុងសន្តិភាព សេរីភាព និងសុភមង្គល ដោយគ្មានការភៀសខ្លួន និងគ្មានភាពភ័យខ្លាច។ លើសពីនេះទៅទៀត ប្រទេសចិន ក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសិទ្ធិមនុស្សជាសកលផងដែរ។

ផ្ទុយទៅវិញ ស្ថានភាពសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក ឯណោះទេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។ ក្នុងពេលថ្មីៗនេះ ក្រុមប្រឹក្សាសិទ្ធិ មនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើការជជែកដេញដោលជាបន្ទាន់ និងអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេច ដែលបានថ្កោលទោសលើការរើសអើង ពណ៌សម្បុរ និងជាតិសាសន៍នៅសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យលោក George Floyd ស្លាប់។ ដូច្នេះហើយ យើងជំរុញឱ្យសហរដ្ឋអាមេរិក ស្តាប់ការព្រួយបារម្ភពីសហគមន៍ អន្តរជាតិ និង គួរពិចារណាលើការឆ្លុះបញ្ចាំងពីបញ្ហារបស់ខ្លួន ដើម្បីប្រជាជនរបស់ខ្លួនអាចដកដង្ហើមបាន។ នេះបើតាមអ្នកនាំពាក្យបេសកកម្មចិន ប្រចាំអង្គការសហរប្រជាជាតិ។

គួរបញ្ជាក់ថា ក្នងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា ប្រទេសចិននឹងបន្តកិច្ចខំប្រឹងរបស់ខ្លួនដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ហើយការពារផលប្រយោជន៍ជាតិដាច់ខាត ពីប្រទេសដ៏ទៃ។ រាល់ការប៉ុនប៉ងកេងចំណេញផលនយោបាយលើបញ្ហាសិទ្ធិមនុស្សដែលធ្វើឱ្យប៉ះពាល់ដល់សុន្តិសុខជាតិ នឹងត្រូវវិនាសជាមិនខាន៕