(ញូដេលី)៖ បេសកកម្មនាំមនុស្សឡើងទីអវកាសដំបូង​ដោយប្រទេសឥណ្ឌាដែលមានឈ្មោះថា ហ្គាហ្គាន់យាន (Gaganyaan) នៅឆ្នាំ២០២២ នឹងមិនទទួលរងផលប៉ះពាល់​ដោយសារតែជំងឺរាតត្បាតសកល COVID-19 នោះឡើយ។ នេះបើតាមសម្តីរដ្ឋមន្ត្រីអវកាស និងថាមពលអាតូមិកឥណ្ឌាលោក ជីថេនដ្រា ស៊ីង (Jitendra Singh) នារសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រី Jitendra Singh បានបញ្ជាក់ថា ទោះបីជាការបង្វឹកអវកាសយានិកសរុប ០៤រូបរបស់ឥណ្ឌា​នៅក្នុងប្រទេសរុស្ស៊ី​ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារតែបញ្ហា COVID-19 ក្តី ប៉ុន្តែអវកាសយានិកឥណ្ឌា​​នៅតែរក្សាគោលដៅរបស់ពួកគេជាប់ជានិច្ច ដើម្បីសម្រេចឲ្យបាននូវការហ្វឹកហ្វឺន និងបាញ់បង្ហោះទៅតាមពេលដែលបានកំណត់។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាគ្រោងនឹងបាញ់បញ្ជូនអវកាសយានិក ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន​ឡើងទៅកាន់ទីអវកាស នៅមុនថ្ងៃប្រារព្ធខួបឆ្នាំទី ៧៥ នៃការទទួលបានឯករាជ្យ​នៅក្នុងខែសីហា ឆ្នាំ២០២២។ ដោយឡែកបេសកកម្មចន្ទ្រាយាន-៣
(Chandrayaan-3) វិញនឹងត្រូវបាញ់បង្ហោះនៅឆ្នាំ២០២១ ទៅកាន់ព្រះច័ន្ទ ដើម្បីបញ្ចូនរ៉ូបូតមួយគ្រឿងទៀត​​ទៅស្រាវជ្រាវលើផ្ទៃព្រះច័ន្ទ ក្រោយពីបេសកកម្ម Chandrayaan-2 បានទទួលបរាជ័យកាលពីឆ្នាំ២០១៩៕