(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចិត្តថា នឹងបញ្ជូនក្រុមអ្នកជំនាញរបស់ខ្លួនទៅកាន់ប្រទេសចិន នៅសប្ដាហ៍ក្រោយនេះ ដើម្បីស៊ើបអង្កេតពីដើមកំណើតវីរុសកូរ៉ូណាថ្មី ដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19។ នេះបើតាមសម្តីលោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។

ប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom បានធ្វើការប្រកាសខាងលើ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក Tedros បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងអាចប្រយុទ្ធជាមួយវីរុស ឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលដែលយើងបានស្គាល់ច្បាស់ពីវីរុស ក្នុងនោះរួមមានទាំងការស្វែងយល់ថា តើវាចាប់កំណើតយ៉ាងដូចម្ដេច... ដូច្នេះយើងនឹងបញ្ជូនក្រុមអ្នកជំនាញ ទៅកាន់ប្រទេសចិន នៅសប្ដាហ៍ក្រោយនេះ ដើម្បីស៊ើបអង្កេតពីដើមកំណើតរបស់វា»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន ដោយអះអាងថា COVID-19 គឺលេចធ្លាយចេញពីមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន។ ប៉ុន្តែចិនបានទាត់ចោលការសន្និដ្ឋានបែបនេះ ហើយក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនរួមទាំង WHO ក៏ធ្លាប់បានលើកឡើងដែរថា ជំងឺឆ្លងរាតត្បាតសកលមួយនេះមានកំណើតពីធម្មជាតិ។

ការសម្រេចចិត្តជាថ្មីរបស់ WHO ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុ និងដកខ្លួនចេញពីអង្គការ WHO ដោយចោទថា អង្គការអន្តរជាតិមួយនេះគឺជាអាយ៉ងរបស់ចិន។ ទោះជាបែបនេះក្តី ប្រទេសចិនធ្លាប់បានប្រកាសរួចហើយថា ខ្លួនគាំទ្រជានិច្ច ចំពោះការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា ដោយស្ថិតនៅក្រោមយន្តការរបស់ WHO៕