(ប៉េកាំង)៖ ក្រសួងការបរទេសប្រទេសចិននៅថ្ងៃចន្ទទី ២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួននឹងដាក់ការរឹតត្បិតទិដ្ឋាការ​លើជនជាតិអាមេរិកណាដែលមានអាកប្បកិរិយាមិនសមរម្យ​ទៅលើបញ្ហាទីក្រុងហុងកុង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសការរឹតត្បិតទិដ្ឋាការ​លើមន្រ្តីគណបក្សកុម្មុយនីស្តចិនមួយចំនួន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន CNA។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក ចាវ លីចៀន (Zhao Lijian) បានប្រាប់ក្រុមអ្នកសារព័ត៌មាន​ក្នុងពេលធ្វើសន្និសីទកាសែតមួយថា ប្រទេសចិនទទូចឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយក៏បានព្រមានថា ប្រទេសចិននឹងចាត់វិធានតទៅទៀត​ប្រសិនបើសហរដ្ឋអាមេរិក​នៅតែបន្តសកម្មភាពរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា សហរដ្ឋអាមេរិកបានសម្រេចរឹតត្បិតទិដ្ឋាការលើមន្រ្តីគណបក្សកុម្មុយនីស្តចិនមួយចំនួន ដែលជាក់ពាក់ពន្ធ័នឹងការប៉ះពាល់ ដល់ស្វ័យភាពរបស់ទីក្រុងហុងកុង។ វិធានការរបស់សហរដ្ឋអាមេរិកលើកនេះ ជាការឆ្លើយតបទៅនឹងសេចក្តីព្រាងច្បាប់ ដែលត្រូវបានបញ្ជូនទៅសភាចិនកាលពីខែមុន។

គណៈកម្មការអចិន្ត្រៃយ៍នៃប្រជាជនចិន គឺជាអ្នកទទួលបន្ទុកក្នុងការបង្កើតច្បាប់សន្តិសុខជាតិថ្មីនេះ ដែលនឹងហាមឃាត់សកម្មភាពអបគមន៍ និងចលនាបះបោរនៅទីក្រុងហុងកុង។ ខណៈពេលដែលថ្នាក់ដឹកនាំកំពូលៗនៅហុងកុង បានសម្តែងការគាំទ្រចំពោះច្បាប់នេះ ប្រជាជនហុងកុងមួយចំនួនដែលត្រូវបានចិនចោទថា កំពុងជឿលើការបញ្ឆេះពីក្រុមបាតដៃខ្មៅ (បាតដៃបរទេស) នោះ បានងើបឡើងតវ៉ា៕