(វ៉ាស៊ីនតោន)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា ចំនួនការធ្វើតេស្តរក COVID-19 នៅក្នុងប្រទេសចិន គឺមានចំនួនច្រើនជាងការធ្វើតេស្ត នៅសហរដ្ឋអាមេរិករហូតទៅដល់បីដង បើគិតចាប់តាំងពីមានការផ្ទុះ និងរីករាលដាលជំងឺនេះមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។

ដោយបានដកស្រង់ពាក្យសំដីរបស់លោក កូវ យ៉ានហុង (Guo Yanhong) ដែលជាមន្ត្រីគណកម្មការសុខាភិបាលចិន គេហទំព័រនយោបាយអាមេរិកដែលមានឈ្មោះថា The Hill បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា គិតត្រឹមថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០នេះ ស្ថាប័នវេជ្ជសាស្ត្រចិនបានធ្វើការតេស្តរក COVID-19 ទៅលើមនុស្សចំនួន ៩០.៤១លាននាក់ហើយ ខណៈពេលដែលសហរដ្ឋអាមេរិកវិញមានត្រឹមតែ ២៩.៣៣លាននាក់ប៉ុណ្ណោះ បើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលអាមេរិក សម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (CDC)។

នៅក្នុងរបាយការណ៍ដដែលនេះ The Hill បានសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្នប្រទេសចិនអាចផ្តល់សេវាកម្មធ្វើតេស្តរកជំងឺ COVID-19 ក្នុងមួយថ្ងៃបានរហូតដល់ ៣.៧៨លាននាក់ ដែលកើនឡើងជាង ២០០% បើប្រៀបធៀបនឹងចំនួនកាលពីខែមីនាកន្លងទៅនេះ។

គួរជម្រាបថា បើប្រៀបធៀបរវាងចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិក និងនៅចិន គឺមានភាពខុសគ្នាឆ្លាយខ្លាំងណាស់។ ពោលតួលេខអ្នកឆ្លងនៅអាមេរិក ច្រើនជាងនៅចិនប្រមាណជា ៣០ដងឯណោះ ត្បិតថានៅអាមេរិករហូតមកទល់ពេលនេះ មានអ្នកឆ្លងច្រើងជាង ២.៦លាននាក់ហើយ ខណៈពេលដែលចិនវិញមានត្រឹមតែជាង ៨ម៉ឺននាក់ប៉ុណ្ណោះ៕