(តិចសាស់)៖ អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាប់បុត (Greg Abbott) បានព្រមានថា ការកើនឡើងនៃករណីឆ្លង COVID-19 នៅក្នុងរដ្ឋរបស់លោក មានសភាពគ្រោះថ្នាក់ និងរីករាលដាលយ៉ាងឆាប់រហ័សជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។

ការកើនឡើងជាថ្មីនៃករណីឆ្លង COVID-19 នៅក្នុងរដ្ឋតិចសាស់, រដ្ឋផ្លូរីដា និងរដ្ឋមួយចំនួនទៀតបានបង្ខំឱ្យមន្ត្រីអាមេរិក ចាប់ផ្ដើមរឹតបន្តឹងវិធានការរឹតត្បិតឡើងវិញ ជាមួយការព្រមានថា មន្ទីរពេទ្យជាច្រើនអាចនឹងលែងមានសមត្ថភាពទទួលព្យាបាលអ្នកជំងឺ ក្នុងពេលឆាប់ៗនេះ បើសិនជាចំនួនអ្នកឆ្លងនៅតែបន្តកើនឡើង។ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Greg Abbott បានគូសបញ្ជាក់ដូច្នេះថា «ត្រឹមរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចំនួនអ្នកឆ្លង COVID-19 ប្រចំាថ្ងៃមានជាមធ្យម ២,០០០នាក់ បានកើនឡើងដល់ ៥,០០០នាក់ ដែលនេះគឺជាការឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស និងមានគ្រោះថ្នាក់ជាទីបំផុត»

គួរបញ្ជាក់ថា បន្ទាប់ពីបន្ធូរបន្ថយវិធានការបិទប្រទេស ករណីឆ្លង COVID-19 ត្រូវបានគេរាយការណ៍ថា បានកើនឡើងគួរឱ្យព្រួយបារម្ភ នៅតាមរដ្ឋភាគខាងត្បូង និងភាគខាងលិចសហរដ្ឋអាមេរិក។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 លើស ២.៦លាននាក់ ក្នុងនោះស្លាប់ច្រើនជាង ១២៥,០០០នាក់ ដែលជាចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក និង ១.០៩នាក់ជាសះស្បើយឡើងវិញ៕