(ប៉េកាំង)៖ នៅក្នុងរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិនបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃសៅរ៍ម្សិលមិញ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១៧ករណីបន្ថែមទៀត ដោយក្នុងនោះមាន ១៤ករណីជា ប្រភេទករណីឆ្លងក្នុងស្រុក និង០៣ករណីទៀតជាករណីនាំចូលពីបរទេស។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងថា ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង ១៤ករណីខាងលើនេះ គឺត្រូវបានរាយការណ៍ចេញពី រដ្ឋធានីប៉េកាំងទាំងអស់ ជាទីដែលមានការផ្ទុះករណីឆ្លងជាចង្កោមថ្មីនៅទីនោះ។

គួរជម្រាបថា បើបូកបញ្ចូលករណីឆ្លងថ្មីៗទាំង ១៧ករណីខាងលើ ធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨៣,៥០០ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល សម្រាប់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ។ ចំណែកឯ អ្នកជាសះស្បើយវិញ មានចំនួនសរុប ៧៨,៤៥១នាក់៕