(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននិយាយថា អន្តរជាតិមិនអាចនៅតែសន្និដ្ឋានថា សហរដ្ឋអាមេរិកនៅបន្ត ចង់ដើរតួនាទីជាអ្នកដឹកនាំពិភពលោក តទៅទៀតនោះទេ ដូច្នេះហើយគឺចាំបាច់ត្រូវការ ការសម្របសម្រួលអាទិភាពខ្លួនឡើងវិញឲ្យ ស្រប ទៅតាមបរិបទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardian នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។

ក្នុងបទសម្ភាសន៍មួយក្នុងសប្តាហ៍នេះ ជាមួយក្រុមសារព័ត៌មានអឺរ៉ុបចំនួន៦ រួមមានទាំង The Guardian របស់ចក្រភពអង់គ្លេសផងដែរ លោកស្រី Merkel បានលើកឡើងដូច្នេះថា «យើងភាគច្រើនធំដឹងក្តីឡើង ជាមួយការយល់ដឹងថា សហរដ្ឋអាមេរិកគឺជាអ្នកដើរតួនាទីជា មេដឹកនាំរបស់ពិភពលោក។ ប៉ុន្តែបើក្នុងករណីដែលនៅពេលនេះ សហរដ្ឋអាមេរិកចង់បោះបង់តួនាទីនេះចោលដោយចិត្តឯងនោះ យើង ទាំងអស់គ្នា ត្រូវធ្វើការគិតគូរពិចារណាឡើងវិញឲ្យបានស៉ីជម្រៅ»។

គួរជម្រាបថា ការថ្លែងបែបនេះរបស់លោកស្រី Merkel កើតមានឡើង ស្របពេលដែលសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងត្រៀមដកកងទ័ពអាមេរិកប្រមាណ៩,៥០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់៕