(បរទេស)៖ លោក អេឡុន ម៉ាសក៍ (Elon Musk) ទើបតែបានបង្ហាញព័ត៌មានថ្មីៗថែមទៀត ទាក់ទងទៅនឹងនាវាអវកាស Starship ដែលក្រុមហ៊ុន SpaceX កំពុងអភិវឌ្ឍឡើង ដើម្បីដឹកមនុស្សលោកយើង ទៅកាន់ព្រះច័ន្ទព្រមទាំងភពអង្គារ (Mars)។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីវែបសាយព័ត៌មាន Independent នៅល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។

លោក Elon Musk ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ SpaceX កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហោះរូបភាពមួយបង្ហាញពីធុងធំៗចំនួនពីរ ដែលត្រូវបានរចនាឡើង​សម្រាប់ស្តុកឥន្ធនៈរបស់នាវាអវកាស Starship។ លោក Musk ក៏បានបញ្ជាក់ដែរថា ការអាប់ដេតព័ត៌មាន​អំពីដំណើរការអភិវឌ្ឍនៃនាវាអវកាសនេះ អាចនឹងត្រូវធ្វើឡើងនៅខែកញ្ញាខាងមុខ។ កន្លងទៅក្នុងខែមិថុនានេះ លោក Musk បានឲ្យដឹងថា ការអភិវឌ្ឍនាវាអវកាស Starship គឺជាអាទិភាពចម្បងបំផុតសម្រាប់ SpaceX។

គួរជម្រាបថា គំរូសាកល្បងនៃនាវាអវកាស Starship ត្រូវបានបង្ហាញជាសាធារណៈ កាលពីឆ្នាំ២០១៩ ហើយបានឆ្លងកាត់ការកែសម្រួលប៉ុន្មានលើក ស្របពេលដែលវាត្រូវគេធ្វើតេស្តជាបន្តបន្ទាប់។ បើតាម SpaceX នៅពេលអភិវឌ្ឍសម្រេចជាស្ថាពរ Starship អាចដឹកជញ្ជូនមនុស្ស បានរហូតដល់ ១០០នាក់ ក្នុងការធ្វើដំណើរនៅទីអវកាស។ យ៉ាងណាក្តី SpaceX នៅមិនទាន់មានកាលបរិច្ឆេទផ្លូវការ នៃការចេញបេសកកម្ម លើកដំបូងរបស់វានៅឡើយទេ៕