(តែលអាវីវ)៖ ក្រុមយន្តហោះចម្បាំងអ៉ីស្រាអែលនាថ្ងៃសុក្រសប្តាហ៍នេះ បានចេញប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ទៅលើគោលដៅគឺក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅភាគខាងត្បូងនៃតំបន់ ហ្គាហ្សាស្ទ្រីព (Gaza Strip) ដើម្បីឆ្លើយតបចំពោះការវាយប្រហារមួយ​ដោយគ្រាប់រ៉ុក្កែត។ នេះបើតាមការ ចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាអ៉ីស្រាអែល គឺប៉ុន្មានម៉ោងក្រោយមានការវាយប្រហារដោយគ្រាប់រ៉ុក្កែត មកលើភាគខាងត្បូងនៃ ប្រទេសអ៉ីស្រាអែល ក្បួនយន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៉ីស្រាអែល ក៏បានចេញប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស សង្គ្រប់ទៅលើទីតាំងផលិតគ្រាប់រ៉ុក្កែត និងសព្វាវុធរបស់ក្រុមហាម៉ាស់ ដែលនៅស្ថិតប៉ែកខាងត្បូងនៃតំបន់ Gaza Strip ផងដែរ។

គួរជម្រាបថា ការវាយប្រហារដាក់គ្នាទៅវិញទៅមកនេះ បានកើតមានឡើងបន្ទាប់ពីមានភាពស្ងប់ស្ងាត់ប្រមាណជាង ១០ថ្ងៃ តែស្ថានការណ៍ក្នុងតំបន់គឺមានភាពតានតឹងខ្លាំង ដោយសារអ៉ីស្រាអែល អាចនឹងប្រកាសពីការកាត់យកដែនដីនៃតំបន់ វែសត៍ប៊ែង (West Bank) ដែលបណ្តាប្រទេសក្នុងតំបន់ចាត់ទុកថា ជាដែនដីប៉ាឡេស្ទីននោះ យកជាកម្មសិទ្ធិរបស់ខ្លួន ហើយបណ្តាប្រទេសក្នុងតំបន់ជាច្រើន ក៏បានព្រមានអ៉ីស្រាអែលរួចទៅហើយដែរ អំពីលទ្ធភាពផ្ទុះសង្គ្រាមឡើង៕