(វ៉ាស៊ីនតោន)៖ នៅថ្ងៃសៅរ៍នេះស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន លុបចោលការរឹតត្បិតទិដ្ឋាការលើមន្ត្រីចិន ជុំវិញស្ថានភាពនៅទីក្រុងហុងកុង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី២៧ ឆ្នាំ២០២០។

ការអំពាវនាវរបស់ចិនខាងលើនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងរិតត្បិត ការផ្តល់ទិដ្ឋការដល់មន្ត្រីចិន ក្រោយអាមេរិកចោទទីក្រុងប៉េកាំងថា មានគំរោងដកហូតស្វ័យភាពរបស់ទីក្រុងហុងកុង ប៉ុន្តែលោកមិនបានបញ្ជាក់ថា មន្ត្រីរូបណាដែលជាគោលដៅនោះទេ។

ជុំវិញបញ្ហាខាងលើនេះ ស្ថានទូតចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងទទូចឲ្យភាគីអាមេរិកកែប្រែកំហុសរបស់ខ្លួនជាបន្ទាន់ នឹងដកសេចក្តីសម្រេចខាងលើ និងបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនតទៅទៀត។ ប្រទេសចិននឹងបន្តចាត់វិធានការខ្លាំងក្លា ដើម្បីលើកកម្ពស់អធិបតេយ្យភាព សន្តិសុខជាតិ និងផលប្រយោជន៍របស់ខ្លួន»

ស្ថានទូតចិត្តក៏បានសង្កត់ធ្ងន់ផងដែរថា «បញ្ហាទីក្រុងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហេតុដូច្នេះមិនត្រូវរងការជ្រៀតជ្រែក ពីប្រទេសដ៏ទៃនោះឡើយ»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្ររដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថាសហរដ្ឋអាមេរិកបានសម្រេច រឹតត្បិតទិដ្ឋាការដល់មន្រ្តីគណបក្សកុម្មុយនីស្តចិនមួយចំនួន ដែលជាក់ពាក់ពន្ធ័នឹងការប៉ះពាល់ ដល់ស្វ័យភាពរបស់ទីក្រុងហុងកុង។ វិធានការរបស់សហរដ្ឋអាមេរិកលើកនេះ ជាការឆ្លើយតបទៅនឹងសេចក្តីព្រាងច្បាប់ ដែលត្រូវបានបញ្ជូនទៅសភាចិនកាលពីខែមុន។

គណៈកម្មការអចិន្ត្រៃយ៍នៃប្រជាជនចិន គឺជាអ្នកទទួលបន្ទុកក្នុងការបង្កើតច្បាប់សន្តិសុខជាតិថ្មីនេះ ដែលនឹងហាមឃាត់សកម្មភាពអបគមន៍ និងចលនាបះបោរនៅទីក្រុងហុងកុង។ ខណៈពេលដែលថ្នាក់ដឹកនាំកំពូលៗនៅហុងកុង បានសម្តែងការគាំទ្រចំពោះច្បាប់នេះ ប្រជាជនហុងកុងមួយចំនួនដែលត្រូវបានចិនចោទថា កំពុងជឿលើការបញ្ឆេះពីក្រុមបាតដៃខ្មៅ (បាតដៃបរទេស) បានងើបឡើងតវ៉ា៕