(អាមេរិក)៖ ក្រុមតារាវិទូអាមេរិក​ដែលប្រើប្រាស់ទិន្នន័យពីតេឡេស្កូបអុកទិក និងតេឡេស្កូបមានសមត្ថភាពចាប់យក​រលកទំនាញពីទីអវកាសមានឈ្មោះថា Ligo នៅប្រទេសអ៉ីតាលីបានឲ្យដឹងថា ពួកគេទំនងជាបានប្រទះឃើញ ការរួមបញ្ចូលគ្នានៃប្រហោងខ្មៅពីរ កាលពីមួយឆ្នាំមុន ដែលព្រឹត្តិការណ៍នោះបង្កឲ្យមានពន្លឺជះចេញ ក្នុងកម្រិតភ្លឺជាងព្រះអាទិត្យដល់ទៅទ្រីលានដង (ពាន់ពាន់លានដង) ឯណោះ។ ពន្លឺជះចេញយ៉ាងសាហាវនោះ គឺត្រូវបានក្រុមតារាវិទូ​សន្មត់ថា មានប្រភពមកពីប្រហោងខ្មៅពីរមិនស្គាល់ អត្តសញ្ញាណ ចម្ងាយ និងប្រភពច្បាស់លាស់ ដែលបានរួមបញ្ចូលគ្នា។ នេះបើតាមការដកស្រងពី The Guardian នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។

ពន្លឺដែលជះចេញខ្លាំងបែបនេះ ក៏ត្រូវបានក្រុមតារាវិទូគណនាផងដែរថា អាចបង្កើតឡើងនៅពេលប្រហោងខ្មៅធំពីររួមចូលគ្នា ហើយនៅពេលនោះបណ្តុំរង្វង់ធូលី និងឧស្ម័នដ៏ក្តៅគគុកបានទង្គិចគ្នាយ៉ាងកម្រោលបំផុត បង្កទៅជាពន្លឺភ្លឺចិញ្ចាចគ្មានគូប្រៀប នៅក្នុងទីអវកាសដែលឥតព្រំដែន ហើយវាប្រាកដណាស់ថា តេឡេស្កូបលើផែនដី​មានលទ្ធភាពដឹងអំពីបាតុភូតដ៏មហាអស្ចារ្យនោះបាន។

សាស្ត្រាចារ្យ Matthew Graham អ្នកស្រាវជ្រាវផ្នែកតារាសាស្ត្រ​នៃវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រហោងខ្មៅដ៏ធំមហិមាមួយនេះ បានកើតចេញពីការបុកបញ្ចូលគ្នាកាលពីប៉ុន្មានឆ្នាំមុន មុនពេលមានការបញ្ចេញនូវពន្លឺភ្លើងយ៉ាងខ្លាំង។ ដូច្នេះយើងសន្មត់ថា វាជាការរួមបញ្ចូលគ្នានៃប្រហោងខ្មៅ»។ បន្ថែមពីនេះ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ​ទីក្រុងញូយ៉កលោកស្រី Saavik Ford ក៏បានបង្ហាញទស្សនដូចគ្នានេះដែរ និងថែមទាំងបញ្ជាក់យ៉ាងខ្លីថា «ពួកយើងច្បាស់ ៩៩.៩%។ មន្ទិលសង្ស័យ គឺស្ទើរតែគ្មានទៀតឡើយ»

គួរបញ្ជាក់ថា ទោះបីជាការសិក្សាខាងលើនេះ ហាក់ដូចជាច្បាស់លាស់ទៅហើយក្តី ប៉ុន្តែគ្រប់គ្នានៅតែត្រូវការ​ឯកភាពគ្នាជារួម។ ដូច្នេះការអង្កេតរកប្រហោងខ្មៅទើបរួមបញ្ចូលគ្នា ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា J1249+3449 ជាមួយនឹងមុខកាត់ជិត ១ពាន់លានគីឡូម៉ែត្រខាងលើនេះ នៅតែបន្តទៅមុខទៀត។ ប្រហោងខ្មៅទាំងពីរមុនរួមបញ្ចូលគ្នា គឺមួយៗមានម៉ាស់ស្មើនឹងព្រះអាទិត្យយើងគុណនឹង ១៥០លានដង។ នៅពេលពួកវារួមបញ្ចូលគ្នា ដោយការបុកបញ្ច្រាស់ទិស វាមិនខុសអ្វីពីរុញច្រានឲ្យធូលី និងឧស្ម័ននៅជុំវិញខ្លួនពួកវាប៉ះទង្គិចគ្នា និងឆេះកញ្ជ្រោលខ្លាំងឡើង​ នាំឲ្យទីអវកាសជុំវិញវាទទួលរងឥទ្ធិពលនោះឡើយ៕