(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញក្តីតក់ស្លុតជាខ្លាំង ក្រោយពីបានឃើញវីដេអូបែកធ្លាយតាមអ៉ីនធើណិត ដែលបង្ហាញអំពីមនុស្សប្រុសស្រីមួយគូ យករថយន្តរបស់ស្ថាប័នកំពូលអន្តរជាតិមួយនេះ ធ្វើជាកន្លែងរួមមេត្រីជាមួយគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។

លោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) អ្នកនាំពាក្យនៃអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គួទែរែស បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះថា «យើងមានការតក់ស្លុត និងព្រួយបារម្ភ ហើយក៏ទទួលការរំខានយ៉ាងខ្លាំងដែរ ចំពោះអ្វីដែលបានបង្ហាញនៅក្នុងវីដេអូនេះ។ វាជាទង្វើប្រឆាំងចំពោះអ្វីគ្រប់យ៉ាង ដែលជាគោលជំហររបស់ UN ហើយយើងកំពុងតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីស្វែងរកខុសត្រូវ ចំពោះទង្វើដែលត្រូវបានប្រព្រឹត្ត ដោយបុគ្គលិករបស់ស្ថាប័នអន្តរជាតិមួយនេះ»

គួរបញ្ជាក់ថា អ្នកនាំពាក្យអគ្គលេខាធិការ UN បានដាក់ការសង្ស័យ ទៅលើបុគ្គលិករបស់ ក្រុមការងារអង្គការសហប្រជាជាតិ សម្រាប់ឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀង រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែការស៊ើបអង្កេតកំពុងធ្វើឡើង ដើម្បីស្វែងរកការពិត។ នៅក្នុងវីដេអូដែលបែកធ្លាយនោះ គេអង្កេតឃើញបុរសម្នាក់ពាក់អាវពណ៌ស និងនារីស្លៀកឈុតក្រហម កំពុងធ្វើសកម្មភាពរួមភេទ នៅលើកៅអីផ្នែកខាងក្រោយនៃរថយន្តមួយ ដែលមានបិទអក្សរធំៗថា UN៕