(ប៉េកាំង)៖ នៅក្នុងរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិនបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២១ករណីបន្ថែមទៀត ដោយក្នុងនោះមាន ១៧ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៤ករណីទៀតជាករណីនាំចូលពីបរទេស។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងថា ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង ១៧ករណីខាងលើនេះ គឺត្រូវបានរាយការណ៍ចេញពីរដ្ឋធានីប៉េកាំងទាំងអស់ ជាទីដែលមានការផ្ទុះករណីឆ្លងជាចង្កោមថ្មីនៅទីនោះ។

គួរជម្រាបថា បើបូកបញ្ចូលករណីឆ្លងថ្មីៗទាំង ២១ករណីខាងលើ ធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨៣,៤៨៣ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល សម្រាប់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ។ ចំណែកឯ អ្នកជាសះស្បើយវិញ មានចំនួនសរុប ៧៨,៤៤៤នាក់៕