(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានលើកឡើងថា ផែនការកាត់បន្ថយចំនួនកងទ័ពអាមេរិក​ដែលឈរជើងនៅប្រទេសអាល្លឺម៉ង់ គឺមានគោលបំណងជាចម្បង​ក្នុងការដោះស្រាយបញ្ហាគំរាមកំហែងរបស់ចិន មកលើប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ីខាងកើត។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

តាមរយៈកិច្ចប្រជុំពីចម្ងាយ ក្នុងវេទិកាព្រុចស៊ែលនៃមូលនិធី ជើមែន ម៉ាសល (German Marshall) លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានលើកឡើងថា ការគំរាមកំហែងរបស់ចិនមកលើប្រទេសឥណ្ឌា និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ព្រមទាំងបញ្ហាប្រឈមនៅក្នុងសមុទ្រចិនខាងត្បូង នឹងកំណត់ការបែងចែក​ធនធានការពាររបស់សហរដ្ឋអាមេរិក ដែលត្រូវបានដកចេញពីប្រទេសអាល្លឺម៉ង់។

រដ្ឋមន្ត្រីការបរទេសរូបនេះ​បានសង្កត់ធ្ងន់ទៀតថា «ការសម្រេចចិត្តកាត់បន្ថយចំនួនកងទ័ព​នៅលើទឹកដីអឺរ៉ុប គឺជាផ្នែកមួយនៃការពិនិត្យឡើងវិ ​នូវជំហរយុទ្ធសាស្ត្រហួសសម័យកាល​របស់យោធាអាមេរិក។ សកម្មភាពវាទីនិយមរបស់ចិន គឺជាបញ្ហាប្រឈមមុខដ៏ធំបំផុត​របស់ពិភពលោកបច្ចុប្បន្ន ដូច្នេះសហរដ្ឋអាមេរិកចង់ធានាថា ធនធានការពាររបស់ខ្លួន​គឺត្រូវបានដាក់ឲ្យចំកន្លែងរបស់វា»

គួរជម្រាបថា កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងដកកងទ័ពប្រមាណ ១ម៉ឺននាក់ចេញពីប្រទេសអាល្លឺម៉ង់ ក្រោយពីសហភាពអឺរ៉ុបបានបរាជ័យ ក្នុងការឈានទៅការសម្រេចការបង់វិភាគទានចំនួន ២%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សមាជិកនិមួយៗទៅឲ្យអង្គការណាតូ (NATO) តាមការស្នើសុំរបស់ភាគីសហរដ្ឋអាមេរិក៕