(ប្រេស៊ីឡា)៖ ប្រធាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានអះអាងថា លទ្ធផលធ្វើតេស្ត COVID-19 របស់លោកបានបង្ហាញថា លោកមិនបានឆ្លងជំងឺដ៏កាចសាហាវមួយនេះឡើយ ដោយបានអំពាវនាវឲ្យប្រជាជនកុំជឿលើព័ត៌មានក្លែងក្លាយ ដែលមុននេះបានផ្សាយថា រូបលោកបានឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់សម្តីរបស់លោក Jair Bolsonaro ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកទំនងជាបានឆ្លងជំងឺ COVID-19 ដូច្នេះលោកនឹងធ្វើតេស្តមើលម្តងទៀត។ ជាមួយគ្នានោះ ប្រធានាធិបតីរូបនេះថែមទាំងបានបញ្ជាក់ទៀតថា លោកបានធ្វើតេស្តដល់ទៅពីរដង តែលទ្ធផលនៅតែបង្ហាញថា «អវិជ្ជមាន»។

ព័ត៌មានខាងលើនេះបានកើតឡើង បន្ទាប់ពីចៅក្រមសហព័ន្ធម្នាក់របស់ប្រទេសប្រេស៊ីល បានបង្គាប់ឲ្យលោកប្រធានាធិបតី Jair Bolsonaro ពាក់ម៉ាសជានិច្ច នៅពេលបង្ហាញខ្លួននៅតាមទីសាធារណៈ បើពុំដូច្នោះទេអាចត្រូវផាកពិន័យជាប្រាក់។ លោក Bolsonaro គឺជាមនុស្សម្នាក់ដែលបានមើលស្រាល ចំពោះការឆ្លងរាតត្បាត COVID-19 ដោយចាត់ទុកថា វាគ្រាន់តែជាជំងឺផ្ដាសាយកំប៉ិកកំប៉ុកតែប៉ុណ្ណោះ ហើយលោកក៏បានជំទាស់ជាដាច់ខាតផងដែរ ទៅនឹងវិធានការបិទប្រទេស។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃសុក្រនេះ ប្រេស៊ីលដែលជាប្រទេសឈរលំដាប់ថ្នាក់ទី ២ លើកំពូលតារាងនៃបណ្តាប្រទេសដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនៅលើពីភពលោក បានកត់ត្រាករណីឆ្លងសរុបជាង ១.២លានករណីហើយ ក្នុងនោះស្លាប់ ៥៥,០៥៤នាក់ និងជាសះស្បើយឡើងវិញ ៦៧៣,៧២៩នាក់៕