(ញូដេលី)៖ ប្រទេសឥណ្ឌាត្រូវបានគេរាយការណ៍ថា បាននិងកំពុងជម្រុញឲ្យគ្រប់រដ្ឋទាំងអស់ បន្តអនុវត្តវិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ឲ្យកាន់តែខ្លាំក្លា ខណៈវិធានការបិទប្រទេសកន្លងមកនេះ ត្រូវបានគេមើលឃើញថា មិនបានធ្វើឲ្យស្ថានការណ៍ប្រែជាធូរស្រាលឡើយ ប៉ុន្តែចំនួនអ្នកឆ្លង និងស្លាប់ តែងតែកើនឡើង និងបំបែកកំណត់ត្រាថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការចេញដោយ CNA។

យោងតាមទិន្នន័យចុងក្រោយ ដែលត្រូវបានចេញផ្សាយដោយ ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃសុក្រ ទី២៦ ខែមិថុនានេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌាបានកើនដល់ ១៥,៣០១នាក់ហើយ ក្រោយពីបានរកឃើញករណីស្លាប់ថ្មីៗចំនួន ៤០៧នាក់ទៀត កាលពីថ្ងៃព្រហស្បតិ៍ ខណៈករណីឆ្លងសរុបវិញបានកើន ៤៩០,៤០១ករណីនៅទូទាំងប្រទេស ក្រោយករណីឆ្លងថ្មីៗចំនួន ១៧,២៩៦នាក់ត្រូវបានរកឃើញ តែក្នុងរយៈពេល ២៤ម៉ោង។

មួយរយៈពេលចុងក្រោយនេះ ឥណ្ឌាត្រូវបានគេចាត់ទុកថា កំពុងឆ្លងកាត់ស្ថានការណ៍ដ៏លំបាកលំបិនបំផុត នៅចំពោះមុខការរាតត្បាត COVID-19។ បើក្រឡេកមើលទៅលើអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ គឺមានការកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។ ឥណ្ឌាបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក ដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត និងជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំអាស៊ីទាំងមូលតែម្តង ខណៈករណីស្លាប់សរុបវិញ ប្រទេសអាស៊ីខាងត្បូងមួយនេះជាប់ចំណាត់លេខ ៨ លើលោក៕