(ឡូសអាន់ជែឡែស)៖ ស្ថានការណ៍ COVID-19 នៅរដ្ឋកាលីហ្វ័រញ៉ា នៅតែស្ថិតក្នុងសភាពមិនច្បាស់លាស់ ខណៈអត្រាអ្នកឆ្លងថ្មីៗនៅក្នុងរដ្ឋ​ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត របស់សហរដ្ឋអាមេរិកមួយនេះ បានការកើនឡើងជាលំដាប់ ដែលធ្វើឲ្យអាជ្ញាធរឈឺក្បាលយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

កាលពីថ្ងៃអង្គារកន្លងទៅនេះ រដ្ឋកាលីហ្វ័រញ៉ាបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃនៃជំងឺ COVID-19 ហូតទៅដល់ ៧,១៤៩ករណីដែលជាតួលេខខ្ពស់បំផុត​ពុំធ្លាប់មានពីមុនមកឡើយ។ ចំណែកឯតួលេខអ្នកឆ្លងថ្មីៗ​ដែលបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះវិញ (ម៉ោងនៅឡូសអាន់ជែឡែស) រដ្ឋមួយនេះបានប្រកាសប្រាប់ឲ្យដឹងថា មានចំនួន ៥,៣៤៩ករណី។ បើទោះបីជាតួលេខចុងក្រោយនេះ បានធ្លាក់ចុះបន្តិចមកវិញក៏ដោយ ក៏មិនមានធ្វើឲ្យអាជ្ញាធរសប្បាយចិត្តនោះឡើយ ដ្បិតថាចំនួននេះគឺនៅខ្ពស់ឆ្ងាយនៅឡើយ បើប្រៀបធៀបនឹងតួលេខមុនៗ។

តាមរយៈសំណេរនៅលើគណនី Twitter ផ្លូវការរបស់ខ្លួន អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្គាវីន ញូសម (Gavin Newsom) បានលើកឡើងយ៉ាងដូច្នេះថា «កាលពីម្សិលមិញ​យើងមានករណីឆ្លងថ្មីចំនួន ៧,១៤៩ករណី។ ថ្ងៃនេះបានធ្លាក់ចុះមកនៅត្រឹម ៥,៣៤៩ករណី ប៉ុន្តែវានៅតែជាតួលេខខ្ពស់ ហួសការរំពឹងទុករបស់យើងដដែល»។ ជាមួយគ្នានោះដែរ អភិបាលរដ្ឋរូបនេះ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់ ឲ្យប្រកាន់ភ្ជាប់ការរក្សាអនាម័យឲ្យបានល្អ ដូចជាការពាក់ម៉ាស, លាងដៃឲ្យបានញឹកញាប់ និងការអនុវត្តគម្លាតសុវត្ថិភាពជាដើម។

នៅចំពោះមុខបញ្ហានេះ លោក Newsom បានព្រមានថា អាជ្ញាធរអាចនឹងត្រឡប់ទៅដាក់ចេញនូវវិធានការរឹតបន្តឹងសាជាថ្មី ហើយក៏អាចតឹងតែងជាងលើកមុនទៅទៀត ប្រសិនបើអត្រាអ្នកឆ្លងថ្មីៗ​នៅតែបន្តកើនឡើង។ លោកអភិបាលបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនមានបំណងចង់ធ្វើវាទេ។ យើងពិតជាមិនចង់នោះទេ ប៉ុន្តែខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា យើងបានត្រៀមខ្លួនរួចហើយ ប្រសិនបើគេចមិនផុតទេនោះ»

គួរជម្រាបថា រហូតមកទល់ពេលនេះ រដ្ឋកាលីហ្វ័រញ៉ាមានករណីឆ្លងជំងឺ COVID-19 សរុប ២០១,០០៤ករណី ខណៈដែលតួលេខសរុបនៅទូទាំងសហរដ្ឋអាមេរិកវិញបានកើនលើស ២.៥លានករណីហើយ ក្នុងនោះស្លាប់ជាង ១២.៦ម៉ឺននាក់ និងជាសះស្បើយឡើងវិញជាង ១លាននាក់៕