(ខេបថោន)៖ ប្រទេសអាហ្វ្រិកខាងត្បូងកំពុងរៀបចំបំពាក់ ទូរកុងតឺនឺសម្រាប់បង្កកជាច្រើនគ្រឿង សម្រាប់ត្រៀមតម្កល់សាកសពនៃអ្នកជំងឺ COVID-19 ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំណុចកំពូល នារយៈពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់អាជ្ញាធរអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា «កន្លែងបណ្តោះអាសន្នដែលត្រៀមសម្រាប់ទុកដាក់សាកសពអ្នកជំងឺ COVID-19 ទាំងនោះ ត្រូវសាងសងនៅជិតមន្ទីរពេទ្យមួយ ស្ថិតក្នុងខេត្តខេបខាងលិច (Western Cape) ដែលជាចំណុចកណ្តោលនៃការផ្ទុះរាលដាល COVID-19 នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង»

ជុំវិញបញ្ហាខាងលើនេះ លោកវេជ្ជបណ្ឌិត សាអាឌីក ការៀម (Saadiq Kariem) ប្រធានប្រតិបត្តិនៃមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍ថា «កន្លែងដាក់តម្កល់សាកសពនេះ មានបន្ទប់ការិយាល័យមួយ, កុងណឺចំនួន ១២គ្រឿង ព្រមទាំងសេវាកម្មផ្នែកសុខភាព និងអគ្គិសនីដែលចាំបាច់សម្រាប់ដំណើរការកន្លែងនេះ»។ លោកបណ្ឌិតក៏បានបញ្ជាក់ទៀតផងដែរថា «ការសាងសង់នេះគឺជាផ្នែកមួយនៃការត្រៀមរៀបចំរបស់អាជ្ញាធរខេត្ត ក្នុងការទប់ទល់នឹងការឈានដល់កម្រិតកំពូលនៃការឆ្លង COVID-19 នាពេលខាងមុខដ៏ខ្លី»

ក្រៅពីកន្លែងស្តុកទុកសាកសព អាជ្ញាធរខេត្តខាងលើនេះ ក៏ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមរៀបចំកន្លែងបញ្ចុះសពប្រមាណ ៩,០០០កន្លែងផងដែរ សម្រាប់អ្នកជំងឺ COVID-19។ រហូតមកទល់ពេលនេះ ប្រទេសអាហ្វ្រិកខាងត្បូង បានកត់ត្រាករណីឆ្លងសរុបចំនួនជាង ១១ម៉ឺននាក់ ដោយក្នុងនោះខេត្តខេបភាគខាងលិច (Western Cape) ជាអ្នករ៉ាប់រ៉ងជាងពាក់កណ្តាលតែឯង។ ចំណែកឯករណីអ្នកស្លាប់វិញ សរុបមានចំនួនជាង ២ពាន់នាក់នៅទូទាំងប្រទេស៕