(បរទេស)៖ ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់អាមេរិកគឺ Delta Air Lines នៅថ្ងៃព្រហស្បតិ៍នេះ នឹងបើកជើងហោះហើរឡើងវិញ រវាង ទីក្រុងស៉ីអាថលរបស់អាមេរិក និងទីក្រុងសៀងហៃរបស់ចិនឡើងវិញ។ ប្រការនេះនឹងធ្វើឲ្យ Delta ក្លាយជាអាកាសចរណ៍អាមេរិកដំបូង គេ ដែលបានតភ្ជាប់ជើងហោះហើរសាជាថ្មីរវាងប្រទេសទាំងពីរ ក្រោយការផ្អាកកាលពីខែកុម្ភៈ ព្រោះតែការផ្ទុះឡើងនៃជំងឺ COVID-19 ដែលកាលនោះកំពុងរាតត្បាតខ្លាំងនៅចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

បើតាមសេចក្តីថ្លែងការណ៍របស់អាកាសចរណ៍ Delta ជើងហោះហើរ «ស៉ីអាថល-សៀងហៃ» នឹងធ្វើប្រតិបត្តិការពីរលើកក្នុងមួយសប្តាហ៍ នៅក្នុងខែមិថុនានេះ ហើយចាប់ពីខែកក្កដាទៅ នឹងធ្វើប្រតិបត្តិការមួយលើកក្នុងមួយសប្តាហ៍ ដោយចេញពីទីក្រុងស៉ីអាថល ព្រមទាំងពី ទីក្រុង ឌីត្រយ។

កាលពីសប្តាហ៍មុន ក្រសួងដឹកជញ្ជូនអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនិងចិន នឹងអនុញ្ញាតឲ្យមានជើងហោះហើរពីភាគីម្ខាងៗ ចំនួន៤ជើងក្នុងមួយសប្តាហ៍។ ខាងក្រុមហ៊ុនអាកាសចរណ៍ បានស្នើឲ្យមានជើងហោះហើរបន្ថែមពីលើនេះដែរ ក៏ប៉ុន្តែសហរដ្ឋអាមេរិក មិនយល់ព្រម។

គួរជម្រាបថា ក្រៅពី Delta Air Lines អាកាសចរណ៍អាមេរិកធំមួយទៀតគឺ United Airlines ក៏កំពុងពិចារណាបន្តជើងហោះហើរឡើងវិញ ជាមួយប្រទេសចិនដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ៕