(ម៉ូស្គូ)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក ជុង គ្យុងដូ (Jeong Kyeong-doo) និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អេស្ពើ (Mark Esper) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានជំរុញឲ្យទីក្រុងព្យុងយ៉ាង អនុវត្តតាមការសន្យា លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលបានព្រមព្រៀងគ្នាកន្លងទៅ។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ដែលចេញដោយរដ្ឋមន្រ្តីទាំងពីរ និងត្រូវបានដកស្រង់ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយ ក្នុងឱកាសគម្រប់ខួបលើកទី ៧០ឆ្នាំ នៃការផ្ទុះសង្គ្រាមកូរ៉េពីឆ្នាំ ១៩៥០-១៩៥៣ រដ្ឋមន្រ្តីទាំងពីរបានអំពាវនាវឲ្យមេដឹកនាំកូរ៉េខាងជើង លោកគីម ជុង អ៊ុន ធ្វើតាមកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំកំពូល ជាមួយលោក ដូណាល់ ត្រាំ នៅប្រទេសសិង្ហបុរី។

រដ្ឋាភិបាលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានសន្យាបន្តការគាំទ្រឲ្យមាន ការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរទាំងស្រុងចេញពីឧបទ្វីបកូរ៉េ។ បន្ថែមពីលើនេះទៀត មេដឹកនាំទាំងពីរក៏បានធ្វើការអះអាងសាជាថ្មី អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ដើម្បីធានាឲ្យមានសន្តិភាព និងវិបុលភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។
គួររំលឹកផងដែរថា កូរ៉េខាងជើងបានចូលរួមក្នុងកិច្ចពិភាក្សា អំពីការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកចំនួនពីរលើក ដែលលើកទី ១ នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៨ និងលើកទី ២ នៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងឆ្នាំ២០១៩។ ជាអកុសលនៅក្នុងកិច្ចចរចាលើកទី ២ មេដឹកនាំទាំងពីរខ្វែងគំនិតគ្នា លើកាលបរិច្ឆទជាក់លាក់ នៃការដកទណ្ឌកម្មសេដ្ឋកិច្ច៕