(ប៉េកាំង)៖ នៅក្នុងរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិនបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣២ករណីបន្ថែមទៀត ដោយក្នុងនោះមាន ២៨ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៤ករណីទៀតជាករណីនាំចូលពីបរទេស។ នេះបើយោងតាម ការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

បើតាមការបញ្ជាក់ពីគណៈកម្មការសុខភាពជាតិចិនបានឲ្យដឹងថា ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង ២៨ករណីខាងលើនេះ រដ្ឋធានីប៉េកាំងបានរ៉ាប់រ៉ងចំនួន ២៥ករណីតែឯង។ ចំណែកឯ ០៣ករណីគឺមានខេត្តហ៊ូប៉ី (Hebei) ចំនួន ០២ករណី និងខេត្តឡៅនីង (Liaoning) ០១ករណី។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅក្នុងទីក្រុងប៉េកាំងបានរាយការណ៍ពីករណីឆ្លងសរុបចំនួន ៦០៣នាក់ហើយ ដោយក្នុងនោះអ្នកជំងឺ ៤១១នាក់បានជាសះស្បើយឡើងវិញ និង ០៩នាក់ស្លាប់បាត់បង់ជីវិត។ ចំណែកឯករណីប្រភេទនាំចូលពីបរទេសវិញ រហូតមកទល់ពេលនេះប៉េកាំងបានកត់ត្រាចំនួន ១៧៤នាក់ព្យាបាលជាសះស្បើយទាំងអស់ លើកលែងតែម្នាក់ប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងដំណាក់កាលព្យាបាលនៅឡើយ ខណៈករណីស្លាប់វិញ គឺមិនមានឡើយសូម្បីតែម្នាក់។

នៅក្នុងរបាយការណ៍តែមួយនេះ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ទៀតថា ខ្លួនក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០៤នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៣៩៨នាក់។ គិតត្រឹមពេលនេះចិនមានករណីឆ្លង COVID-19 សុរប ៨៣,៣២៥ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល៕