(ប៉េកាំង)៖ ទីក្រុងហាណូយ កាលពីថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ បានផ្ដល់សច្ចាប័នហើយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) ដើម្បីបើកចំហកាលានុវត្តភាពសេដ្ឋកិច្ចថ្មីមួយ ដែលត្រូវបានមជ្ឈដ្ឋានខ្លះយល់ថាអាចនឹងទាក់ទាញ ក៏ដូចជាជំរុញឱ្យអ្នកវិនិយោគបរទេស និងរោងចក្រ កាន់ច្រើនឡើង រើចេញពីប្រទេសចិន មកកាន់ប្រទេសវៀតណាម។

កិច្ចព្រមព្រៀង EVFTA មានគោលដៅកាត់បន្ថយ ឬលុបចោលពន្ធ៩៩ភាគរយ លើផលិតផលដែលត្រូវបានធ្វើពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងវៀតណាម ដោយសម្រាប់ ផលិតផលវាយណភណ្ឌ និងសម្លៀកបំពាក់ ពន្ធ៧៧.៣ភាគរយ នឹងត្រូវបានលុបចោលបន្ទាប់ពីរយៈពេល៥ឆ្នាំ និងសល់ ២២.៧ភាគរយទៀត នឹងត្រូវលុបចោលបន្ទាប់ពី រយៈពេល៧ឆ្នាំ។ បន្ថែមពីលើនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះទៀតសោត ដែលត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅខែកក្កដា ខាងមុខនេះ ក៏នឹងបើកឱ្យកាន់តែ ទូលំទូលាយផងដែរនូវវិស័យសេវាកម្មរបស់វៀតណាម ក្នុងនោះរួមមានដូចជា ប្រៃសណីយ៍ ធនាគារ ដឹកជញ្ជូន និងទីផ្សារលទ្ធកម្មសាធារណៈ។

វៀតណាមគឺជាប្រទេសទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ដែលទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងនេះត្រូវបាន អ្នកជំនាញលោកខាងលិចខ្លះយល់ថាអាចនឹងជួយឱ្យវៀតណាម ឡើងអង្គុយលើតំណែងជា «រោងចក្រពិភពលោក» ជំនួសចិន នៅពេលអនាគត ខណៈអ្នកជំនាញចិន អះអាងថាតំណែងជា «រោងចក្ររបស់ពិភពលោក» របស់ចិន នឹងមិនរង្គោះរង្គើរដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនោះទេ។ ក៏ប៉ុន្តែ ទន្ទឹមគ្នា ក្រុមអង្គការធ្វើការងារ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស បានរិះគន់យ៉ាងខ្លាំងលើការសម្រេចចិត្តបែបនេះរបស់សហភាពអឺរ៉ុប ដោយចោទប្រកាន់ថាប្លុកសេរីមួយនេះគិតតែពីប្រយោជន៍សេដ្ឋកិច្ច និងការទប់ស្កាត់ឥទ្ធិពលចិន ភ្លេចគិតពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសកុម្មុយនិស្ដដូចជាវៀតណាម។

*តើវៀតណាមអាចដណ្ដើមតំណែងជា «រោងចក្ររបស់ពិភពលោក» ពីចិនបានឬ?

គណៈកម្មាការអឺរ៉ុបបានឱ្យដឹងថា វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំទី២ នៅក្នុងតំបន់អាស៊ានរបស់សហភាពអឺរ៉ុប បន្ទាប់ពីសិង្ហបុរី។ ពាណិជ្ជកម្មរវាងវៀតណាម និងសហភាពអឺរ៉ុបមានទំហំ ៤៩.៣ពាន់លានអឺរ៉ូ (៥៦ពាន់លានដុល្លារ) លើផលិតផល និង៣ពាន់លានអឺរ៉ូលើវិស័យសេវាកម្ម។ ដោយឡែក បើតាមរដ្ឋាភិបាលទីក្រុងហា ណូយ ការនាំចេញ និងការនាំចូលរបស់វៀតណាម ជាមួយចិន មានទំហំដល់ទៅ ៥១៧.២៦ពាន់លានដុល្លារឯណោះ។

លោកស្រី Trinh Nguyen ជាមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់មកពីធនាគារវិនិយោគ និងសហប្រតិបត្តិការបារាំង Natixis និងដែលបានដាក់ឈ្មោះឱ្យវៀតណាមថា «តារារ៉ុកនាំចេញរបស់អាស៊ី» បាននិយាយថា ការបង្កើនការនាំចេញរបស់វៀតណាម នៅក្រោមកិច្ចព្រមព្រៀង EVFTA អាចនឹងជួយកាត់បន្ថយការពឹងផ្អែកទាំងស្រុងរបស់ខ្លួនទៅលើការនាំចូលរបស់ចិនសម្រាប់ផលិតកម្ម។ លោកស្រីបន្ថែមថា ដើម្បីកាត់បន្ថយភាពចំណុះនេះ វៀតណាមចាំបាច់ត្រូវតែធ្វើការកែលម្អ «វិស័យអប់រំថ្នាក់ឧត្ដមសិក្សា» និងជំរុញលើកទឹកចិត្តការបណ្ដុះបណ្ដាល និងការធ្វើមូលដ្ឋាននីយកម្មរបស់អ្នកផ្គត់ផ្គង់ជាមុនសិន ខណៈភាពចំណុះរបស់វៀតណាម លើការនាំចូលរបស់ចិនបានកើនឡើង យ៉ាងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើធៀបទៅនឹងបណ្ដាប្រទេសអាស៊ានដទៃ។

ជាក់ស្ដែង បើតាមទីភ្នាក់ងារគយវៀតណាម ផលិតផលវាយណភណ្ឌ និងសម្លៀកបំពាក់ គឺពឹងផ្អែកយ៉ាងខ្លាំងលើចិន ដែលជាប្រភពផ្គត់ផ្គង់ក្រណាត់ដ៏ធំ។ កាលពីឆ្នាំ២០១៩ វៀតណាមបាននាំចេញផលិតផលវាយណភណ្ឌ និងសម្លៀកបំពាក់ ទៅកាន់ប្រទេសចិនក្នុងទំហំទឹកប្រាក់ ១.៥៩ពាន់លានដុល្លារ និងនាំចូលវត្ថុធាតុដើមមកវិញ ១១.៥២ពាន់លានដុល្លារ​។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន ទំហំពលកម្មរបស់វៀតណាម មានត្រឹម៧ភាគរយប៉ុណ្ណោះ នៃទំហំពលកម្មនៅក្នុងប្រទេសចិន។

ដូច្នេះហើយ ទាញចេញពីចំណុចទាំងនេះ អ្នកជំនាញចិនដូចជា នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យ Jinan University ស្ថិតនៅក្នុង ខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន ឈ្មោះ Deng Yingwen យល់ថាលំហូរអ្នកវិនិយោគបរទេស និងការរើរោងចក្រទ្រង់ទ្រាយធំចេញពីចិន ទៅកាន់ ប្រទេសវៀតណាម ទំនងជានឹងមិនអាចទៅរួចឡើយ។

អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «រោងចក្របរទេសមួយចំនួន នឹងនៅតែបន្តរក្សាប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសចិន ហើយអាចនឹងពង្រីកប្រតិបត្តិការ នៅក្នុងប្រទេសវៀតណាម។ ប៉ុន្តែ វៀតណាម មិនអាចដណ្ដើមតំណែងជា «រោងចក្ររបស់ពិភពលោក» ពីចិនបានឡើយ ដ្បិតបើធៀបទៅនឹងចិន ទីផ្សាររបស់វៀតណាម គឺនៅតែតូចណាស់ ជាមួយប្រជាជនសរុបជិត ១០០លាននាក់...រីឯ ក្រុមហ៊ុនបរទេសក៏នឹងមិនរើរោងចក្ររបស់ពួកគេចេញពីចិនដែរ ដោយសារតែទំហំទីផ្សារដ៏ធំលើសលប់ របស់ចិនដែលមានប្រជាជនជាង ១.៤ពាន់លាននាក់»

តែទោះជាបែបនេះក្ដី គេមិនអាចនិយាយបានថា ចិនមិនមានការព្រួយបារម្ភទាល់តែសោះ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម នោះទេ។ ពោលគឺ ទោះបីជាក្ដីស្រមៃចង់ក្លាយជា «រោងចក្ររបស់ពិភពលោក» របស់វៀតណាម អាចត្រឹមតែជាក្ដីសុបិន្តដ៏វែងអន្លាយមួយក៏ដោយ តែនៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន នោះផលិតផលសំខាន់ៗមួយចំនួនរបស់ចិនដូចជា វាយណភណ្ឌ, គ្រឿងសង្ហារឹម និងស្បែកជើងនៅក្នុងទីផ្សារអឺរ៉ុប អាចនឹងរងផលប៉ះពាល់ ស្របពេលសព្វថ្ងៃ វៀតណាមគឺជាអ្នកនាំចេញសម្លៀកបំពាក់ធំលំដាប់ទី៣ នៅលើពិភពលោកបន្ទាប់ពីចិន និងបង់ក្លាដែស៕

ប្រភព៖ South China Morning Post (ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០)