(ញូយ៉ក)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅញូយ៉ក) ថា ខ្លួនមានការព្រួយបារម្ភជាខ្លាំង ចំពោះប្រទេសជាច្រើន ជាពិសេសបណ្តាប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងត្បូងនៃភពផែនដី នៅតែបន្តប្រឈមមុខនឹងការរីករាលដាលនៃជំងឺ COVID-19។ ព្រមជាមួយគ្នា WHO ក៏បានអំពាវនាវសាជាថ្មីម្តងទៀត ឲ្យមានសាមគ្គីភាពជាសកល ដើម្បីជម្នះវិបត្តិសកលមួយនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។

វេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកប្រតិបត្តិកម្មវិធីបន្ទាន់ផ្នែកសុខភាព របស់អង្គការសុខភាពពិភពលោកបានលើកឡើង នៅឯសន្និសីទកាសែតពីចម្ងាយមួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះយ៉ាងដូច្នេះថា «យើងនៅតែមានការព្រួយបារម្ភជាខ្លាំង ជុំវិញការបន្តរីករាលដាលនៃជំងឺ COVID-19 នៅទូទាំងសកលលោក ជាពិសេសបណ្តាប្រទេសនៅតំបន់ភាគខាងត្បូង»

លោក ម៉ៃខឺល រីយ៉ាន បានពន្យល់ថា «ជាកិច្ចដំបូង និងសំខាន់បំផុតនាពេលបច្ចុប្បន្ននេះគឺ បណ្តាប្រទេសភាគច្រើននៅលើពិភពលោក នៅតែបន្តស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅឡើយ។ បើទោះបីជាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប, អាស៊ីអាគ្នេយ៍ និងអាមេរិកខាងជើង បានឆ្លងផុតដំណាក់កំពូលនៃការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះក៏ដោយ»

ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកម្មវិធីសង្គ្រោះបន្ទាន់នៃ WHO ខាងលើនេះ ក៏បានបន្តអំពាវនាវសាជាថ្មីឲ្យពិភពលោក ចាប់ដៃសហការគ្នា ដើម្បីយកឈ្នះវិបត្តិសកលមួយនេះ។ ជាមួយគ្នានេះលោកក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការរៀនរស់ជាមួយវីរុសឆ្លងមួយនេះ និងស្វែងរកវិធានការមួយ ដែលមានតុល្យភាពដើម្បីគ្រប់គ្រងវាផងដែរ។ ត្បិតថាប្រទេសមួយចំនួន ពិតជាមានការលំបាកខ្លាំងណាស់ ក្នុងការចាត់វិធានការបិទប្រទេស នៅចំពោះមុខ COVID-19៕