(ព្យុងយ៉ាង)៖ ទីក្រុងព្យុងយ៉ាងបានព្រមានកូរ៉េខាងត្បូងធ្ងន់ៗតែម្តងថា នឹងធ្វើឲ្យប្រទេសមួយនេះពោពេញដោយវិប្បដិសារី និងក្តីឈឺចាប់ឥតគណនា ដោយសារតែមិនអាចបញ្ឈប់សកម្មភាព ក្រុមបង្ហោះសាររិះគន់របបដឹកនាំកូរ៉េខាងជើង នៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងលោក ចាំង គុមចុល (Jang Kum Chol) បានចេញមុខទាត់ចោល ពាក្យសន្យារបស់កូរ៉េខាងត្បូងថា នឹងដោះស្រាយបញ្ហាក្រុមជនជាតិកូរ៉េខាងជើង ដែលបានលួចរត់ទៅរស់នៅកូរ៉េខាងត្បូង ហើយបាននិងកំពុងប្រមូលផ្តុំគ្នា ធ្វើសកម្មភាពបង្ហោះសារ និងខិត្តប័ណ្ណតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីប្រឆាំងចំពោះរបបដឹកនាំលោក គីម ជុងអ៊ុន។ កូរ៉េខាងជើងបានចាត់ទុកថា ការបណ្តែតបណ្តោយឲ្យរឿងបែបនេះកើតឡើង គឺជាការបំផ្លាញចោលនូវអ្វីៗដែលលោក មូន ចេអ៉ីន និងលោក គីម ជុងអ៊ុន បានសាងរួមគ្នាកន្លងមក។

លោក ចាំង គុមចុល បានលើកឡើងយ៉ាងដូច្នេះថា «សេចក្តីថ្លែងការណ៍របស់ពួកគេ (កូរ៉េខាងត្បូង) ស្តាប់ទៅដូចជាការសុំទោស ឬការផ្លាស់ប្តូរចិត្ត ហើយដំណោះស្រាយដែលពួកគេបានលើកឡើង ស្តាប់ដូចជាអាចទុកចិត្តបាន។ ប៉ុន្តែវាពិបាកណាស់ ក្នុងការលុបមន្ទិលសង្ស័យរបស់យើង ថាវាអាចគ្រាន់តែជាល្បិចកលមួយ នៅក្នុងខួរក្បាលឆុងវ៉ាដេ (វិមានប្រធានាធិបតីកូរ៉េខាងត្បូង) ដើម្បីរំដោះខ្លួនពីវិបត្តិបច្ចុប្បន្ន។ អាកប្បកិរិយានៃការផ្លាស់ប្តូរចិត្តរបស់ពួកគេវិញនេះ គឺគួរឲ្យខ្លាចខ្លាំងណាស់ នៅពេលដែលយើងប្រៀបធៀបទៅនឹងស្ថានទម្ងន់ឧក្រិដ្ឋកម្ម ដែលពួកគេបានប្រព្រឹត្ត»

គួរបញ្ជាក់តាមកូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងកាត់ផ្តាច់រាល់ខ្សែបណ្តាញ ធ្វើទំនាក់ទំនងអន្តរកូរ៉េនៅតាមព្រំដែន ដើម្បីឆ្លើយតបចំពោះកូរ៉េខាងត្បូង ដែលមិនព្រមបញ្ឈប់សកម្មភាព ក្រុមបង្ហោះសារប្រឆាំងកូរ៉េខាងជើង នៅតាមព្រំដែនកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់កូរ៉េខាងជើង រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសចាត់វិធានការ ដើម្បីទប់ស្កាត់សកម្មភាពបង្កវិវាទនេះ ប៉ុន្តែត្រូវបានគេមើលឃើញថា មិនទាន់មានប្រសិទ្ធភាពឡើយ៕