(តិចសាស់)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីគំរោងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយស្ដីពីស្ថាប័នប៉ូលិស ប៉ុន្តែទន្ទឹមគ្នាលោកបានបញ្ជាក់ច្បាស់ៗថា នឹងមិនគាំទ្រចំពោះសំណើកាត់បន្ថយហិរញ្ញវត្ថុ ឬរំលាយស្ថាប័នប៉ូលិស តាមការទាមទាររបស់ក្រុមអ្នកតវ៉ា រកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានប៉ូលិសម្នាក់សង្កត់ក រហូតដល់ស្លាប់នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។

ក្នុងពិធីនៅឯវិហារគ្រឹស្ដមួយនៃទីក្រុង ដាលឡាស់ (Dallas) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា បទបញ្ជាប្រតិបត្តិ នឹងជួយផ្តល់ប្រឹក្សាដល់ស្ថាប័នប៉ូលិស ឲ្យបង្កើតបទដ្ឋានស្ដង់ដារជាតិមួយ ក្នុងការប្រើប្រាស់កម្លាំងបាយ ក៏ដូចជាគាំទ្រដល់ការបណ្ដុះបណ្ដាលដ៏ល្អប្រសើរ សម្រាប់ស្ថាប័នប៉ូលិស និងកម្មវិធីអ្នកធ្វើការងារសង្គម ដើម្បីងាយស្រួលធ្វើការជាមួយមន្ត្រីអនុវត្តច្បាប់។

ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះបានបដិសេធចំពោះសំណើ ឬគំនិតចង់រំសាយ ឬក៏ការកាត់បន្ថយហិរញវត្ថុដល់ស្ថានប័នប៉ូលិស ហើយបង្វិលថវិកាទាំងនោះទៅឱ្យកម្មវិធីអប់រំ, សុខមាលភាពសង្គម, ផ្ទះសម្បែង និងតម្រូវការចំាបាច់នានារបស់សហគមន៍។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុតដែលលោក ដូណាល់ ត្រាំ លើកឡើងនូវគម្រោងគោលនយោបាយ សម្រាប់ស្ថាប័នប៉ូលិស បន្ទាប់ពីការស្លាប់របស់ George Floyd កាលពីថ្ងៃទី២៥ ខែឧសភាមក បន្ទាប់ពីត្រូវប៉ូលិសម្នាក់ក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ស្លាប់កំឡុងការចាប់ខ្លួន ដោយសារតែការចោទប្រកាន់រឿងចាយលុយក្លែងក្លាយ ២០ដុល្លារ៕