(ហុងកុង)៖ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ នេះបានគូសបញ្ជាក់ឲ្យដឹងថា ខ្លួនបានលុបចោលគណនីរាប់ម៉ឺន «ដែលមានជាប់ពាក់ព័ន្ធនឹងរដ្ឋ» ដែលប្រើប្រាស់ដោយប្រទេសចិន, រុស្ស៊ី និងតួកគី ក្នុងគោលបំណងឃោសនានយោបាយរបស់ពួកគេ ក៏ដូចជាផ្សព្វផ្សាយព័ត៌មានមិនពិត ឬដើម្បីវាយប្រហារអ្នករិះគន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ប្រព័ន្ធផ្សព្វផ្សាយសង្គម​ដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះបានប្រកាសថា រហូតមកទល់ពេលនេះខ្លួនបានរកឃើញ គណនីដែលមានជាប់ពាក់ព័ន្ធនឹងប្រទេសចិនចំនួន ២៣,៧៥០គណនី និងជាប់ពាក់ព័ន្ធនឹងប្រទេសតួកគីចំនួន ៧,៣៤០គណនី ខណៈគណនីដែលជាប់ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីវិញមាន ១,១៥២គណនី។

យោងតាម Twitter គណនីទាំងនេះត្រូវបានបង្កើតឡើង ដើម្បីជំរុញការឃោសនានយោបាយរបស់ប្រទេសទាំងនេះ និងផ្សព្វផ្សាយព័ត៌មានមិនពិត។

ជាមួយគ្នានេះ Twitter ថែមទាំងបានសង្កត់ធ្ងន់ទៀតថា គណនីទាំងអស់ខាងលើ ព្រមទាំងមាតិការបស់ពួកគេ ត្រូវបានលុបចេញពីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន។ ប៉ុន្តែត្រូវបានរក្សាទុកក្នុងឃ្លាំងផ្ទុកទិន្នន័យ សម្រាប់អ្នកស្រាវជ្រាវធ្វើការតាមដានបន្ត។

សម្រាប់ប្រទេសចិន ពួកគេបានប្រើប្រាស់គណនីទាំងនេះដើម្បីជំវុញ និងឃោសនាផ្សព្វផ្សាយមនោគមន៍វិជ្ជានយោបាយ ដែលបម្រើផលប្រយោជន៍ឲ្យបក្សកុម្មុយនិស្តចិន ក៏ដូចជាវាយប្រហារទៅលើក្រុមបាតុករនៅហុងកុង។ នេះបើតាមការលើកឡើងរបស់ Twitter។

ដោយឡែកសម្រាប់តួកគីវិញ គេប្រើប្រាស់គណនីទាំងនោះ ដើម្បីជំរុញឲ្យមានការគាំទ្រក្នុងស្រុក និងក្រៅប្រទេសសម្រាប់ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) និងគណបក្សកាន់អំណាចរបស់លោក។ ចំណែកឯនៅរុស្ស៊ីវិញក៏មិនសូវជាខុសគ្នាដែរ គឺពួកគេប្រើប្រាស់គណនីទាំងនោះ ដើម្បីលើកកម្ពស់បក្សកាន់អំណាច និងវាយប្រហារទៅលើអ្នកប្រឆាំង៕