(ញូយ៉ក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានប្រកាសថា ខ្លួនបានដាក់បំរាមទៅលើប៉ូលិសអាមេរិក រយៈពេលចំនួន ១២ខែ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្គាល់មុខ (facial recognition software) ប៉ុន្តែក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងស៊ីតថល (Seattle) នៃរដ្ឋវ៉ាស៊ីនតោនស្ទេតមួយនេះ មិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់នោះឡើយ ដែលបាននាំទៅរកការសម្រេចចិត្តដូច្នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។

សេចក្តីប្រកាសរបស់ Amazon ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងវែបសាយផ្លូវការរបស់ខ្លួន ហើយការសម្រេចចិត្តបែបនេះ បានកើតមានឡើងបន្ទាប់ពីមានការរិះគន់កាន់តែកើនឡើង អំពីបញ្ហារបស់កម្មវិធី Software ដើម្បីសម្គាល់មុខរបស់ Amazon ដែលជារឿយៗតែងតែមិនអាចបញ្ជាក់ត្រឹមត្រូវ អំពីជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក។

ក្រុមហ៊ុន Amazon បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានធ្វើការតស៊ូមតិជាមួយរដ្ឋាភិបាល អំពីអ្វីដែលគួរធ្វើក្នុងការដាក់ចេញនូវបទប្បញ្ញត្តិ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឲ្យមានការគ្រប់គ្រងការប្រើប្រាស់កម្មវិធីសម្គាល់មុខ (facial recognition) ប្រកបដោយក្រមសីលធម៌។ យើងត្រៀមខ្លួនក្នុងការជួយជានិច្ច ប្រសិនបើមានការស្នើសុំ»

គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់ Amazon ត្រូវបានធ្វើឡើងបន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើងស្ទើរ ទូទាំងអាមេរិក អស់រយៈពេលជាងមួយសប្តាហ៍ ដើម្បីទាមទាររកយុត្តិធម៌ឲ្យ បុរសស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានប៉ូលិសស្បែកសអាមេរិក យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ បាតុកម្មបានឈានដល់ការទាមទារឲ្យបញ្ចប់ទង្វើរើសអើងពូជសាសន៍ និងការធ្វើកំណែទម្រង់ នៅក្នុងស្ថាប័នប៉ូលិសអាមេរិកផងដែរ៕