(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១១ករណី និងករណីឆ្លងជំងឺនេះដោយគ្មានបញ្ចេញរោគសញ្ញាចំនួន ០៤ករណី។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលចិនបានឲ្យដឹងថា ករណីឆ្លងថ្មីៗដែលត្រូវបានបញ្ជាក់ទាំង ១១ករណីខាងលើនេះ គឺសុទ្ធតែជាប្រភេទករណីនាំចូលទាំងអស់។ បើបូកបញ្ចូលករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨៣,០៥៧ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលចិនមិនរាប់បញ្ចូលអ្នកជំងឺ ដែលគ្មានចេញជារោគសញ្ញា ឬហៅថា អាស៊ីមតូម៉ាទិច (Asymptomatic case) ចូលទៅក្នុងករណីដែលបានបញ្ជាក់ថា ឆ្លង COVID-19 នោះឡើយ ប៉ុន្តែពួកគេនៅតែទទួលការព្យាបាលដដែល។ ទោះបីជាច្រើនសប្តាហ៍កន្លងមកនេះ ចិនបានធូរស្បើយកាន់តែខ្លាំងពីករណីឆ្លង និងស្លាប់ដោយសារតែ COVID-19 ក៏ពិតមែន ប៉ុន្តែករណីនាំចូលជំងឺនេះមកវិញ ដែលត្រូវបានរកឃើញជាប្រចាំថ្ងៃនោះ គឺមិនអាចឲ្យប្រទេសនេះប្រហែសជាដាច់ខាត៕