(ឌូបៃ)៖ បុរសអីរ៉ង់ម្នាក់ ដែលបានស៊ើបការណ៍សំងាត់ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងអតីតមេទ័ពកំពូលអ៉ីរ៉ង់ លោក Qassem Soleimani ឱ្យទីភ្នាក់ងារស៊ើបការណ៍សំងាត់ អាមេរិក CIA និងអ៉ីស្រាអែល នឹងត្រូវបានប្រហារជីវិតក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន តាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យតុលាការអ៉ីរ៉ង់ លោក Gholamhossein Esmaili បានគូសបញ្ជាក់ដូច្នេះថា៖ «ជនឈ្មោះ Mahmoud Mousavi-Majd ជាចារកម្មម្នាក់សម្រាប់ CIA និងអ៉ីស្រាអែល ត្រូវបានផ្ដន្ទាទោសប្រហារជីវិត។ គាត់បានផ្ដល់ព័ត៌មានពីទីកន្លែងស្ថិតនៅរបស់លោក Soleimani ឱ្យសត្រូវរបស់យើង...ដូច្នេះរូបគេនឹងត្រូវប្រហារជីវិតក្នុងពេលឆាប់ៗ»

លោក Esmaili បន្ថែមថា ការផ្ដន្ទាទោសលោក Mousavi-Majd ដែលត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៨ មិនមានជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងការស្លាប់របស់លោក Soleimani នៅក្នុងប្រទេសអ៉ីរ៉ាក់ កាលពីដើមឆ្នាំ២០២០នោះទេ ប៉ុន្តែអះអាងថាជននេះបានស៊ើបការណ៍សំងាត់ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងអតីតមេទ័ពកំពូលអ៉ីរ៉ង់លោក Qassem Soleimani ឱ្យទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA និងអ៉ីស្រាអែល។

គួរជម្រាបថា មេទ័ពកំពូលអ៉ីរ៉ង់ Qassem Soleimani ត្រូវបានយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិតនៅលើទឹកដីអ៉ីរ៉ាក់ កាលពីថ្ងៃទី៣ ខែមករាកន្លងទៅ ដោយទីក្រុងវ៉ាស៊ីនតោន ចោទថាលោកគឺជាអ្នកនៅពីក្រោយការរៀបចំផែនការវាយប្រហារលើកងទ័ពអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា៕