(មីននាផូលីស)៖ ក្រុមគ្រួសាររបស់លោក ចច ហ្វ្លយដ៍ (George Floyd) បានជំរុញឲ្យអង្គការសហប្រជាជាតិ (UN) ធ្វើការស៊ើបអង្កេតជុំវិញការស្លាប់របស់បុរសស្បែកខ្មៅរូបនេះ បន្ទាប់ពីមន្ត្រីប៉ូលីសស្បែកសនៃរដ្ឋមីននីសូតា (Minnesota) បានយកជង្គង់សង្កត់លើកញ្ចឹងកជនរងគ្រោះ អស់រយៈពេលជាង ០៨នាទី រហូតដល់ដាច់ខ្យល់ស្លាប់។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន The Sun នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

ក្រុមមេធាវីរបស់ក្រុមគ្រួសារជនរងគ្រោះ រួមទាំងមេធាវីការពារសិទ្ធិជនស៊ីវិលលោក ប៊ិន ក្រាំ (Ben Crump) បានធ្វើការអំពាវនាវជាបន្ទាន់មួយ ទៅកាន់អង្គការសហប្រជាជាតិ ដើម្បីធ្វើការស៊ើបអង្កេតពិសេសមួយ ជុំវិញការស្លាប់របស់លោក Floyd ក៏ដូចជាចង់ឲ្យអង្គការអន្តរជាតិមួយនេះ ជួយផ្តល់អនុសាសន៍ឲ្យមានការធ្វើកំណែទម្រង់ ប្រព័ន្ធប៉ូលីសនៅអាមេរិកផងដែរ។

តាមរយៈសេចក្តីថ្លែងការណ៍លោក Ben Crump បានគូសបញ្ជាក់ថា ក្នុងចំណោមកំណែទម្រង់ដែលបានស្នើសុំនោះ គឺរួមមានដូចជាការកាត់ទោសដោយឯករាជ្យ ព្រមទាំងបញ្ឈប់ការធ្វើទារុណកម្ម និងការសម្លាប់ពលរដ្ឋអាមេរិកកាំងស្បែកខ្មៅ នៅក្រៅប្រព័ន្ធតុលាការជាដើម ដើម្បីធានាការពារសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។

ជាមួយគ្នានេះ មេធាវីសិទ្ធីស៊ីវិលខាងលើក៏បានសង្កត់ធ្ងន់ទៀតថា «នៅពេលក្រុមមនុស្សនៃប្រជាជាតិណាមួយ ត្រូវបានដកហូតសិទ្ធិមនុស្សជាសកល ចេញពីជីវិតពួកគេ ដោយរដ្ឋាភិបាលរបស់ពួកគេអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ ដូច្នេះការអំពាវនាវដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិចំពោះរឿងនេះ ជាការចាំបាច់បំផុត»

គួរបញ្ជាក់ថា លោក Floyd ត្រូវបានប៉ូលិស ០៤នាក់ធ្វើការឃាត់ខ្លួននៅទីក្រុង Minneapolis ក្រោមសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសចាយលុយក្លែងក្លាយចំនួន ២០ដុល្លារអាមេរិក។ ក្នុងចំណោមនោះប៉ូលិសម្នាក់ឈ្មោះ ដេរិក ឆូវីន (Derek Chauvin) បានយកជង្គង់សង្កត់កលោក Floyd អស់រយៈពេលជាច្រើននាទី ទោះបីលោក Floyd បានស្រែកសុំអង្វរករម្តងហើយម្តងទៀតថា លោកពិបាកដង្ហើមយ៉ាងណាក្តី រហូតទាល់លោកបាត់បង់ស្មារតីលែងកម្រើក គឺលោកទំនងជា បានបាត់បង់ជីវិតភ្លាមៗនាពេលនោះតែម្តង ខណៈអាជ្ញាធរក្រោយមកបានប្រកាសថា Floyd បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ករណីនេះវាបានបង្កជាភាពវឹកវរ នៅទូទាំងសហរដ្ឋអាមេរិកយ៉ាងខ្លាំងក្លាបំផុត មិនធ្លាប់មានពីមុនមកទេ បើរាប់ចាប់តាំងពីការធ្វើឃាតលោក ម៉ាទីន លូសឺ ឃីង (Martin Luther King) ដែលជាសកម្មជនសិទ្ធិមនុស្សល្បីល្បាញបំផុត កាលពីឆ្នាំ១៩៦៨៕