(វ៉ាស៊ីនតោន)៖ សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថាចំនួនមនុស្សដែលត្រូវបានប៉ូលិសឃាត់ខ្លួន នៅក្នុងបាតុកម្មតវ៉ា រកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ជាង ៤,០០០នាក់ហើយ។

បាតុកម្មតវ៉ា បានឈានចូលមកដល់ថ្ងៃទី០៦ជាប់ៗគ្នា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ (ម៉ោងនៅក្នុងតំបន់) នៅទូទាំងសហរដ្ឋអាមេរិក ដោយបច្ចុប្បន្នមាន ទីក្រុងយ៉ាងហោច៤០ បានដាក់ចេញបំរាមគោចរ ខណៈកងកម្លាំងឆ្មាំជាតិត្រូវបានចល័តនៅតាមទីក្រុងចំនួន១៥ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ផងដែរ។

បើតាមសារព័ត៌មាន CNN ការឃាត់ខ្លួនបាតុករ បានធ្វើឡើងជាលើកដំបូងកាលពីថ្ងៃអង្គារសប្ដាហ៍មុន ពោលមួយថ្ងៃបន្ទាប់ពីការស្លាប់របស់ George Floyd។ បុរសស្បែកខ្មៅរូបនេះ ត្រូវបានប៉ូលិសស្បែកសម្នាក់ យកជង្គង់សង្កត់ករហូតដល់ស្លាប់ កំឡុងការចាប់ខ្លួនដោយសារតែរឿងចាយលុយក្លែងក្លាយ ២០ដុល្លារ។

គួរបញ្ជាក់ថា ក្នុងចំណោមអតីតមន្រ្តីប៉ូលិស០៤នាក់ ដែលពាក់ព័ន្ធក្នុងការស្លាប់របស់លោក George Floyd គឺម្នាក់ឈ្មោះ Derek Chauvin ដែលជាអ្នកយក ជង្គង់សង្កត់កលោក Floyd រហូតដល់ស្លាប់ បើទោះបីជាមានការអង្វរករថាពិបាកដង្ហើម ពីសំណាក់លោក Floyd យ៉ាងណាក៏ដោយនោះ គឺត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មកម្រិតស្រាល និងពីបទមនុស្សឃាតដោយអចេតនា។ លោក Chauvin នឹងត្រូវឡើងតុលាការនៅថ្ងៃចន្ទនេះ (ម៉ោងនៅវ៉ាស៊ីនតោន)៕