(ប៉េកាំង)៖ ប្រទេសចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិក រួមទាំងប្រទេសលោកខាងលិចមួយចំនួនទៀត បញ្ឈប់ជាបន្ទាន់ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងទីក្រុងហុងកុងជាមួយការព្រមានថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេច ក្នុងការចាត់វិធានការឆ្លើយតប។ នេះបើតាមប្រភពពីក្រសួងការបរទេសចិន ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) បានធ្វើការអំពាវនាវបែបនេះ នៅក្នុងសនិ្នសីទសារព័ត៌មានប្រចាំថ្ងៃសុក្រនេះ និងបន្ទាប់ពីចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដា បានចូលរួមជាមួយសហរដ្ឋអាមេរិក ថ្កោលទោសការសម្រេចចិត្តរបស់ចិន ដែលកំពុងត្រៀមដាក់ច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុង។

លោក Zhao Lijian បានលើកឡើងយ៉ាងដូច្នេះថា «ការស្នើឱ្យមានកិច្ចពិភាក្សាលើបញ្ហានេះ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាការជ្រៀតជ្រែកយ៉ាងច្បាស់ក្រឡែត ដោយសហរដ្ឋអាមេរិក ចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន... ដូច្នេះយើងអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវនយោបាយដ៏កខ្វក់បែបនេះ។ តែបើអាមេរិកនៅតែបន្តជ្រៀតជ្រែកនោះ ចិននឹងចាត់វិធានការចំាបាច់នានាដើម្បីវាយបក»

គួរជម្រាបថា ដំណោះស្រាយមួយដើម្បីព្រាងច្បាប់ ស្ដីពីសន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង ត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយមានសមាជិកសភា ២,៨៧៨នាក់គាំទ្រ ខណៈម្នាក់ជំទាស់ និង ០៦នាក់ទៀតអនុប្បវាទ។ នៅក្រោមដំណោះស្រាយនេះ គណកម្មាធិការនៃសភាជាតិប្រជាជនចិន មានភារកិច្ចតាក់តែងច្បាប់ ពាក់ព័ន្ធនឹងសន្តិសុខរបស់ទីក្រុងហុងកុង ហើយបើតាមប្រពន្ធផ្សព្វផ្សាយនៅក្នុងស្រុក ច្បាប់សន្តិសុខជាតិថ្មីនឹងតម្រូវឱ្យរដ្ឋាភិបាលទីក្រុងហុងកុង បង្កើតស្ថាប័នថ្មីមួយដែលនឹងធានាសុវត្ថិភាពជនស៊ីវិល។

សហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) បានដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុង នៅក្រោមច្បាប់របស់ខ្លួន ដើម្បីឆ្ពោះរកការលុបចោល វិញនូវសិទ្ធិពិសេសសម្រាប់ធ្វើពាណិជ្ជកម្ម របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាន ចោទប្រកាន់រដ្ឋាភិបាលចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង។ មិនតែប៉ុណ្ណោះទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូប៊ឺត អូប្រៀន (Robert O'Brien) ក៏បានព្រមានដែរថា ទីក្រុងប៉េកាំងអាចនឹងប្រឈមមុខការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ បើសិនជាសហរដ្ឋអាមេរិករកឃើញថា ស្វ័យភាពរបស់ទីក្រុងហុងកុង ពិតជាត្រូវបានរំលោភបំពានមែននោះ។

តែទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅតែទទូចឱ្យច្បាប់ស្ដីពីសន្តិសុខជាតិថ្មី ត្រូវបានអនុម័តដោយគ្មានការពន្យារពេល ខណៈនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បង្ហាញការគាំទ្រច្បាប់នេះយ៉ាងពេញទំហឹង និងបានធានាថែមទៀតថា វានឹងមិនធ្វើឲ្យប៉ះពាល់សិទ្ធិ និងសេរីភាពប្រជាជននៅហុងកុងនោះឡើយ៕